ឧកញ៉ាម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសួរនាំករណី ឆបោកលុយ១០ម៉ឺនដុល្លា រឿងរត់ការផ្ទេរ ឈ្មោះតួនាទីប្តីរបស់នាងចេញពីក្របខ័ណ្ឌកងទ័ព ទៅជាក្របខ័ណ្ឌនគរបាលជាតិ
ភ្នំពេញ៖ លោក ឧកញ៉ា ម្នាក់ត្រូវបាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃឃាត់ខ្លួន នៅថ្ងៃ១៨ មិថុនា ឆ្នាំ២០២១ ដើម្បីសួរនាំពីដំណើរឿង ឆបោក តាមពាក្យបណ្តឹងរបស់នារីម្នាក់ រស់នៅ ភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនុប ខេត្តព្រះសីហនុ។ ឧកញ៉ា រូបនោះត្រូវបានឃាត់ខ្លួន នៅក្នុងហាងការហ្វេ និងបូជនីដ្ឋាន TEAM (TEAM Coffee and Restaurant ) ស្ថិតតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពាក្យបណ្តឹងរបស់ស្រ្តីខាងលើដែលប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ ឩសភា ឆ្នាំ ២០២១ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ជនសង្ស័យបាននិយាយធានារត់ការផ្ទេរ ឈ្មោះតួនាទីប្តីរបស់នាងចេញពីក្របខ័ណ្ឌកងទ័ព ទៅជាក្របខ័ណ្ឌនគរបាលជាតិ ដើម្បីធ្វើជាស្នងការរងខេត្តព្រះសីហនុ ដោយទារប្រាក់រត់ការ៣០ម៉ឺនដុល្លា។ ដោយនិយាយត្រូវគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ អ្នកស្រីនិងស្វាមី បានប្រគល់លុយចំនួន ១០ម៉ឺនដុល្លា រងចាំផ្ទេរឈ្មោះ និងតួរនាទីមានតួរនាទីជា ស្នងការរងជាផ្លូវការទើបប្រគលថែម ២០ម៉ឺនដុល្លាទៀត។
តាមពាក្យបណ្តឹងដដែល ក្រោយទទួលបានលុយសន្យាធារារត់ការផ្ទេរឈ្មោះរួចហើយ ជនសង្ស័យពុំបានធ្វើតាមការសន្យា ហើយបានប្រើលេសមិនចេះចប់មិនចេះហើយ មិនលើកទូរស័ព្ទ មិនតបតាមតេឡេក្រាម ហើយគេចចេញមិនចូលផ្ទះរហូតដល់បច្ចុប្បន្ន។
នៅមិនទាន់មានការបកស្រាយយ៉ាងណាពីឧកញ៉ារូបនោះនៅឡើយទេ។ ពេលនេះតុលាការសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរជនសង្ស័យ៕