ប៉ូលិសក្លែងក្លាយ៩នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដង្កោ សហការ ជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះឃាត់ខ្លួន
ភ្នំពេញ ៖យោងតាមប្រភពព័ត៌មាន ពីនគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហើបឲ្យដឹងថា មនុស្ស៩នាក់ហើយ ដែលត្រូវចាប់ឃាត់ខ្លួន ក្រោមបទក្លែងជាមន្ត្រីនគរបាល របស់មន្ទីរប្រឆាំងគ្រឿងញៀន។
ប្រភពដដែលបន្តថា ការដែលចាប់ឃាត់ខ្លួនក្រុមក្លែងឯកសណ្ឋាននគរបាលជាតិនេះ គឺផ្តើមចេញពីទំនាស់គ្នាជាមួយកម្លាំងប្រជាការពារ ហើយពួកគេបានអំនួតខ្លួនថាជា នគរបាលរបស់មន្ទីរប្រឆាំងគ្រឿងញៀន។ បន្ទាប់មកយើង ក៏តេសួរទៅខាងមន្ទីរប្រឆាំងគ្រឿងញៀន ហើយខាងមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានបដិសេធ និងឃាត់ខ្លួនបានជាបន្តបន្ទាប់៩នាក់ហើយ និងរថយន្តទំនើបៗ ។
សូមបញ្ជាក់ថា កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងនគរបាលខណ្ឌដង្កោ បានបើកការស្រាវជ្រាវនិង ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាបន្តបន្ទាប់ដែលពួកគេ បានក្លែងឯកសណ្ឋាន ជាមន្ត្រីនគរបាលជាតិ ជិះរថយន្តអត់ស្លាកលេខ ដើរអុកឡុកប្រជាពលរដ្ឋនៅមូលដ្ឋាន ។ នេះបេីយោងតាមប្រភពព័ត៌មាន ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានជិះល្បាតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ហេីយឃេីញក្រុមជនសង្ស័យខាងលេី មានសកម្មភាពមិនប្រក្រតី ក៏បានចុះទៅធ្វើការសាកសួរ តែខាងជនសង្ស័យដែល គ្រងឯកសណ្ឋាន ជាមន្ត្រីនគរបាលជាតិ និងមានសញ្ញាសម្គាល់ របស់នគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃនិងមាន ពាក់ឋានន្តរស័ក្តិសុទ្ធតែ វរសេនីយ៍ទោនិងវរសេនីយ៍ត្រី បានធ្វេីឫកពាព្រងេីយ មិនញញើតសមត្ថកិច្ចមូលដ្ឋាននោះឡើយ ថែមទាំងអង្គុយចុចទូរស័ព្ទហើយ ខ្ជិលនិយាយជា មួយមន្ត្រីមូលដ្ឋានសូម្បីតែមួយម៉ាត់។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានរាយការណ៍ជូនថ្នាក់លើ ដើម្បីសុំគោលការណ៍ ដោយសារតែជនសង្ស័យ ស្លៀកពាក់ឯកសណ្ឋាន និងមានកាតសម្គាល់ខ្លួនជា
មន្ត្រីនគរបាលជាតិ ទើបធ្វើឲ្យកម្លាំងជំនាញខណ្ឌដង្កោ ពិបាកនិងធ្វើការបន្តិច។ បន្ទាប់ពីទទួលបានបទបញ្ជាពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារ បង្ក្រាបគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ទើបកម្លាំងជំនាញខណ្ឌដង្កោ បើកការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
លុះព្រឹកឡើងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបាន ធ្វេីការស្រាវជ្រាវរហូត ដល់ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត។
ក្រោយមក កម្លាំងនគរបាលខណ្ឌដង្កោ បានប្រគល់ជនសង្ស័យទាំង៤នាក់ និងវត្ថុតាងខាងលើទៅ ឲ្យមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃបន្តនីតិវិធី និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕