មហាសន្និបាត អសប ស្នើដោះលែងលោកស្រី អោង សាន ស៊ូជី
នៅសុក្រ ទី១៩ ខែមិថុនា នេះ មហាសន្និបាតអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យបញ្ឈប់ លំហូរអាវុធចូលទៅកាន់ ប្រទេសមីយ៉ាន់ម៉ា (ភូមា) និងទទូចឲ្យយោធាមីយ៉ាន់ម៉ា គោរពលទ្ធផលនៃការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០ ហើយនិងដោះលែង អ្នកនយោបាយដែលជាប់ឃុំ រួមទាំងលោកស្រី អោង សាន ស៊ូ ជី។
មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចនេះ ដោយមានប្រទេសចំនួន ១១៩ បានបោះឆ្នោតគាំទ្រ។ ដោយមានបំណងបង្អាក់សេចក្តីសម្រេចនេះ ប្រទេសបេឡារុស បានទាមទារឲ្យមានការ បោះឆ្នោតជាមុនលើសេចក្តីសម្រេចនេះ ហើយក៏ជាប្រទេសតែមួយគត់ ដែលបានបោះឆ្នោតជំទាស់ផងដែរ។ គួរកត់សម្គាល់ថា កាលពីពេលថ្មីៗ ប្រធានាធិបតីនៃប្រទេសបេឡារុស បានបញ្ជាឱ្យប្លន់យន្តហោះ ដឹកអ្នកដំណើរមួយគ្រឿង ដើម្បីគ្រាន់តែចាប់ខ្លួន សកម្មជនប្រឆាំងមួយរូប។
ក្រៅពីនេះមានប្រទេសចំនួន ៣៦ ក្នុងនោះរួមមាន «ចិន និងរុស្ស៉ី» បានធ្វើអនុប្បវាទ ខណៈសមាជិក ៣៧ ទៀតបានសម្រេចចិត្តមិនបោះឆ្នោត៕