ក្រសួងទេសចរណ៍ បានបង្ហាញរបាយការណ៏ថា នៅថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនានេះ កម្ពុជា ទទួល ភ្ញៀវទេសចរជាង១០ម៉ឺននាក់ ដើរកម្សាន្តទូទាំងប្រទេស ដោយគោរព្ធតាមលក្ខខណ្ឌ របស់សុខាភិបាល
ភ្នំពេញ ៖ តាមការលេីកឡេីងរបស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយយោងតាមរបាយការណ៏ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះថា៖ ចុងសប្ដាហ៍ពីរថ្ងៃ គឺនៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ១០ ម៉ឺននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។
លោក ថោង ខុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ “នៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនានោះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១០៩,០៩៥ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០៧,៧៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១,៣៣៣ នាក់ ក្នុងនោះគោលដៅតំបន់ឆ្នេរ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍ធម្មជាតិ គឺជាគោលដៅដ៏សំខាន់ដែលមានភ្ញៀវទៅលេងច្រើនជាងគេ”។
គួរជម្រាបថា សម្រាប់ គោលដៅទេសចរណ៍សំខាន់ៗនៅប្រទេសកម្ពុជា រួមមានដូចខាងក្រោម៖ ទី១-រាជធានីភ្នំពេញ៖ ២០,៧១៦ នាក់ ។ ទី២-ខេត្តកំពត៖ ១៩,៤១៦ នាក់ ។
ទី៣-ខេត្តកំពង់ស្ពឺ៖ ១២,៣២០ នាក់ ។ ទ៤-ខេត្តបាត់ដំបង៖ ៩,៦៨៨ នាក់ ។ ទី៥-ខេត្តព្រះសីហនុ៖ ៨,៧៩៣ នាក់ និងទី៦-ខេត្តកែប៖ ៨,៣៤០ នាក់។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបង្ហាញការកត់សម្គាល់ថា ចំនួននេះមានការកើនឡើងប្រមាណ ៥៣.៩៣% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះ ២៨.៧២%។
លោកថោង ខុន បានបន្ថែមទៀតថា ការកើនឡើងចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមក ដោយសារមានថ្ងៃសម្រាកព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គួបផ្សំនឹងថ្ងៃសៅរ៍-អាទិត្យ មានរយៈពេលបីថ្ងៃ ដែលធ្វើឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានពេលវេលាច្រើនក្នុងការទៅកម្សាន្តនៅគោលដៅទេសចរណ៍នានា។
លោក ថោង ខុន បានគូសបញ្ជាក់បន្ថែមទៀតថា៖ «គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ គោលដៅអេកូទេស ចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយ ដ្ឋានឯកជនដែលមានការកែច្នៃបែបទេសចរណ៍ធម្មជាតិ ជាគោលដៅចម្បងរបស់ភ្ញៀវទេសចរ ដែលជានិន្នាការថ្មីនៃការធ្វើដំណើរកម្សាន្តក្នុងបរិបទគន្លងថ្មី ជាពិសេសភាពងាយស្រួលក្នុងការរក្សាគម្លាតសុវត្ថិភាព និងការជួបជុំជាលក្ខណៈក្រុមគ្រួសារ និងមិត្តភក្តិ»។
សូមបញ្ជាក់ថា បេីទោះបីមានការកើនឡើងនៃជំងឺកូវីដ-១៩ នៅតំបន់មួយចំនួននៅតាមបណ្តារាជធានី-ខេត្ត ក៏នៅតាមគោលដៅទេសចរណ៍ខ្លះនៅតែមានទេសចរទៅលម្ហែកម្សាន្តខ្លះៗផងដែរ។
ដោយឡែក គណៈបញ្ជាការឯកភាពរាជធានី-ខេត្តនៅតែបានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពនៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ ៣កុំ ៣ការពារ៕ដោយ ៖ សំរិត