ស្នងការខេត្តកណ្តាល បញ្ជាកម្លាំងចុះទៅ ឃាត់អ្នកបើកបររថយន្តដឹកដីធំៗ យកមកអប់រំ
កណ្តាល ៖ នៅព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១
ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម សូមធ្វើការឆ្លើយតប ជូនគណនីហ្វេសប៊ុក(Facebook) ដែលមានខ្លឹមសារថា ខ្ញុំបាទសូមគោរពដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល និង មន្ត្រីក្រោមឱវាទ សូមមេត្តាជួយមកពិនិត្យនៅឃុំ សារិកាកែវ ស្រុក ល្វាឯម ខេត្ត កណ្ដាល ផងចុះព្រោះឡានដឹកដីបើកបរយ៉ាង អាណាធិបតេយ្យ វ៉ា ជែង គ្មានគិតពីសុវត្ថិភាព ប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ម្យ៉ាងវិញទៀតដឹកដីជ្រុះពេញផ្លូវថ្នល់បណ្ដាលឲ្យហុយ ប៉ះពាល់ដល់សុខភាព និង អ្នកជិះម៉ូតូតាមដងផ្លូវ ហើយពេលខ្លះស៊ីផ្លេដេញគ្នាដូចប្រណាំងឡានស្ទើរតែគាំងបេះដូង ។ សូមមេត្តាជួយរកដំណោះស្រាយផង ព្រោះនេះជាលើកទី ២ ហើយដែលខ្ញុំរាយការណ៍ ព្រោះលើកទី ១ មិនទទួលបានលទ្ធផលសោះ ។
ក្រោយពីទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម បានបញ្ជាទៅលោក អធិការរងទទួលផែនការងារ សណ្តាប់ធ្នាប់ចរាចរណ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សារិកាកែវឲ្យដឹកនាំកម្លាំងចុះទៅ ពិនិត្យមើលដល់ទីតាំងផ្លូវលេខ៣៨០ គឺមានស្ថានភាពជ្រុះដី ហុយពិតប្រាកដមែន ហើយចំពោះការបើកវ៉ាជែង បើមានសមត្ថកិច្ចល្បាត តាមដងផ្លូវពួកក្រុមឡាន ដឹកដីនេះពុំហ៊ានធ្វើសកម្មភាព វ៉ាជែងស៊ីផ្លេដេញគ្នាឡើយ។ សមត្ថកិច្ចក៏បានអនុវត្តន៍ជំនាញ ធ្វើការហៅពួកគាត់ធ្វើត្រួត ពិនិត្យនិងណែនាំអប់រំពីច្បាប់ចរាចរណ៍ ហើយបានឲ្យពួកគាត់ ធ្វើកិច្ចសន្យាបញ្ឈប់ការ បើកល្បឿនលឿនវ៉ាជែង និងឲ្យគ្របដីមិនឲ្យជ្រុះ លើថ្នល់បណ្តាល ឲ្យប្រឡាក់ថ្នល់ហុយប៉ះពាល់ សុខភាពរបស់ប្រជាពលរដ្ឋរស់នៅ តាមដងផ្លូវនិងអ្នកធ្វើដំណើរ ហើយពួកគាត់បាន សន្យាអនុវត្តន៍ឲ្យបាន តាមការណែនាំផងដែរ៕