កីឡាការិនីស្នូកឃ័រ ស្រួង ភាវី ដណ្ដើមបានជើងឯក Blue One Resort LPBA Championship លើកដំបូង ក្រោយវាយបកឈ្នះម្ចាស់ផ្ទះកូរ៉េ ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ
CAMSOC-កីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជា លោកស្រី ស្រួង ភាវី បានគ្រងតំណែងជើងឯកលើកដំបូង ក្នុងការប្រកួតកីឡាស្នូកឃ័រ(ការ៉ុម)ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ។
តាមការបញ្ជាក់របស់លោកស្រី ស្រួង ភាវី បានឲ្យដឹងថា ការប្រកួតនេះ បានធ្វើឡើងរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ។ នេះជាលើកដំបូងហើយ ដែលលោកស្រីបានចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ បន្ទាប់ពីលោកស្រីបានចុះកុងត្រាប្រកួតតំណាងក្រុមហ៊ុន Blue One Resort រយៈពេល ១ឆ្នាំ ។ ការប្រកួតនេះ មានកីឡាការិនីចូលរួមសរុប ៦៤នាក់ សុទ្ធសឹងជាជើងខ្លាំងកម្រិតពិភពលោក ។
ទម្រាំអាចបង្កើតកំណត់ត្រាថ្មីលើទឹកដីកូរ៉េ លោកស្រីបានឆ្លងកាត់ការប្រកួតជាច្រើនវគ្គ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ប៉ះកីឡាការិនីមានបទពិសោធយូរឆ្នាំ Kim Gayoung ហើយក្នុងការប្រកួតដណ្ដើមជើងឯក គឺកាន់តែស្វិតស្វាញថែមទៀត ដោយកីឡាការិនីកូរ៉េរូបនេះ បានបើកការនាំមុខ ១១-៧ពិន្ទុមុន នៅសិតទី១ ។ បន្ទាប់មកទើបកីឡាការិនី ស្រួង ភាវី វាយបកយកឈ្នះវិញ ៣សិតជាប់គ្នា ក្នុងពិន្ទុ ១១-៤, ១១-១០ និង ១១-៩ ដើម្បីគ្រងជើងឯកពានរង្វាន់ Blue One Resort LPBA Championship ។
លោកស្រី ស្រួង ភាវី បន្ដថា ការប្រកួតនេះ ពិតជាមានភាពតានតឹង និងការប្រកួតប្រជែងខ្លាំង បើធៀបនឹងការប្រកួតផ្សេងៗ នៅកូរ៉េ ដ្បិតកីឡាការិនីចូលរួម ត្រូវបានជ្រើសរើស និងសម្រិតសម្រាំងសុទ្ធតែជាជើងខ្លាំង ទាំងកីឡាការិនីក្នុងស្រុក និងក្រៅស្រុក ដោយក្រុមហ៊ុនដែលបានចុះឈ្មោះចូលរួម ។ ដូច្នេះលោកស្រីពិតជាមានមោទនភាព និងបានចាត់ទុកសមិទ្ធផល ដែលកើតចេញពីការខិតខំប្រឹងប្រែងមួយនេះ គឺជាកាដូថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជា រួមទាំងអ្នកគាំទ្ររបស់លោកស្រីនៅប្រទេសកូរ៉េផងដែរ ។
ជាមួយការដណ្ដើមបានជើងឯកពានរង្វាន់ Blue One Resort LPBA Championship នេះ កីឡាការិនី ស្រួង ភាវី បានទទួលប្រាក់រង្វាន់ចំនួន ២០លានវ៉ុន ឬស្មើនឹងប្រមាណ ១៧,៥៧៩ដុល្លារ ។ លើសពីនេះ ប្រជាជនកូរ៉េជាច្រើន បានសម្ដែងការគោរពស្រលាញ់ ហើយចាត់ទុកលោកស្រី គឺជា “នារីខ្លាំង” ម្នាក់ទៀតផង បន្ទាប់ពីលោកស្រីធ្លាប់ដណ្ដើមបានជើងឯកថ្នាក់ជាតិជាច្រើនសម័យ នៅសាធារណរដ្ឋកូរ៉េ មុនដណ្ដើមបានជើងឯកពានរង្វាន់ Blue One Resort LPBA Championship លើប្រភេទកីឡាដ៏ពេញនិយមនៅកូរ៉េមួយនេះ ៕