នឹងរៀបចំវត្តអារាម ឱ្យក្លាយទៅជាវត្តទេសចរណ៍ដ៏ទាក់ទាញ ដើម្បីបង្កើនសក្តានុពលទេសចរណ៍នៅកម្ពុជា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ក្រសួងធម្មការ និងសាសនា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) រួមជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំទីវត្តអារាម ដែលមានភាពលេចធ្លោជាងគេ ពិសេសនៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ ឱ្យក្លាយទៅជាវត្តទេសចរណ៍ ដ៏ទាក់ទាញ ដើម្បីចូលរួមលើកកម្ពស់ សក្តានុពលទេសចរណ៍ ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត ពិសេសដើម្បីពង្រីកកិច្ចអភិរក្ស និងអភិវឌ្ឍន៍។
ជាក់ស្ដែង នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ កិច្ចប្រជុំឆ្លងគោលការណ៍ណែនាំ ស្ដីពីវត្តទេសចរណ៍មួយ ត្រូវបានធ្វើឡើង នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកតុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងធម្មការ លោក សារ៉ាយ ឆុន ប្រធានសមាគម CATA លោកស្រីឆាយ ស៊ីវលីន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ លោក ជុក ជំនោរ ព្រមទាំងប្រធានមន្ទីរទេសចរណ៍ មន្ទីរធម្មការរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ក្រោយបញ្ចប់កិច្ចប្រជុំ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានលើកឡើងថា ការរៀបចំឱ្យមាន “វត្តទេសចរណ៍” នេះ គឺជាការជំរុញឱ្យទីអារាមសំខាន់ៗ នៅក្នុងតំបន់គោលដៅទេសចរណ៍ ក៏ដូចជាការប្រែក្លាយវត្តអារាម នៅតាមតំបន់គោលដៅទេសចរណ៍ធំៗនៅកម្ពុជា ឱ្យក្លាយទៅជាកន្លែងទាក់ទាញទេសចរ ឬអាចទទួលទេសចរ ឱ្យទៅទស្សនានៅក្នុងទីអារាមទាំងនោះបាន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងទេសចរណ៍ ក៏កំពុងជំរុញទេសចរជាតិ-អន្តរជាតិ ឱ្យទៅទស្សនានៅគ្រប់គោលដៅនៃប្រទេសកម្ពុជា។
ការរៀបចំវត្តទេសចរណ៍នេះ មានគោលដៅសំខាន់ចំនួន២ រួមមាន៖ គោលដៅសំខាន់ទី១៖ ទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅបានក្នុងរយៈពេលយូរ ចំណាយប្រាក់ច្រើននៅក្នុងប្រទេសកម្ពុជា។ ផ្តល់ឲភ្ញៀវមានជម្រើសច្រើនក្នុងការទស្សនា និងម្យ៉ាងទៀត ក៏នឹងផ្ដល់នូវ ប្រភពចំណូល និង ការជួយដល់វត្តអារាមទាំងនោះផងដែរ។
គោលដៅសំខាន់ទី២៖ ផ្ដល់ការអប់រំ និងការយល់ដឹងដល់ភ្ញៀវទេសចរ ពិសេសទេសចរអន្តរជាតិ ក្នុងការសិក្សាស្វែងយល់ ពីព្រះពុទ្ធសាសនានៅកម្ពុជា ដែលជាសាសនារបស់រដ្ឋ (មានចែងក្នុងមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា)។
លោក ទិត ចន្ថា បានបង្ហើបឱ្យដឹងថា ដើម្បីទទួលស្គាល់វត្តថាជាវត្តទេសចរណ៍បាន គឺវត្តទាំងនោះត្រូវតែមានសូចនាករក្នុងការកំណត់ ជាវត្តលេចធ្លោរជាងគេ មានទីតាំងល្អ មានប្រវត្តិអស្ចារ្យ វត្តដែលមានរចនាសម្ព័ន្ធគ្រប់គ្រងល្អ មានរបៀបរៀបរយល្អស្អាត មានកិត្តិនាមល្បីល្បាញល្អ។ ព្រះសង្ឃ ឬអាចារ្យវត្តក៏អាចធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍បានដែរ ដើម្បីបង្ហាញពីប្រវត្តិ ឬរឿងរ៉ាវពាក់ព័ន្ធនឹងវត្តទេសចរណ៍ទាំងនោះ ប៉ុន្តែក៏ត្រូវអនុវត្តឱ្យស្របតាមគោលការណ៍ណែនាំរបស់អន្តរក្រសួងដែរ ដែលនឹងចេញជាផ្លូវការនាពេលខាងមុខ។
ទោះជាយ៉ាងណា នៅតាមវត្តអារាមសំខាន់ៗមួយចំនួននៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ ក៏កំពុងរៀបចំបណ្ដើរហើយដែរ និង មានទេសចរ ទស្សនាជា បន្តបន្ទាប់។
លោកបន្តទៀត ថ្នាក់ដឹកនាំ និងក្រុមមន្ត្រីអន្តរក្រសួង-ស្ថាប័ន នឹងជួបពិភាក្សាគ្នាម្ដងទៀត ក្នុងការប្រមូលធាតុចូលបន្ថែម ក៏ដូចជា រៀបចំគោលការណ៍ណែនាំរួម ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចេញសេចក្ដីប្រកាសអន្តរក្រសួងមួយ មុនអនុវត្តការងារទាំងនេះ ជាផ្លូវការនៅចុងឆ្នាំ២០១៨ ឬអាចនៅដើមឆ្នាំ២០១៩៕