ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតអាមេរិក ចាប់អារម្មណ៍បំផុត នូវសក្កដានុពល នៃវិស័យទេសចរណ៍ នៅក្នុងខេត្តកំពង់ចាម

66

 

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយថ្នាក់ដឹកនាំខេត្ត អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នាសាលាខេត្តកំពង់ចាម។

នៅក្នុងជំនួបពិភាក្សាការងារសំខាន់ៗអស់ជាច្រើនម៉ោង រវាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នៅក្នុងជំនួបដ៏មានអត្ថន័យនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនឯកឧត្តមអភិបាលខេត្តកំពង់ចាម ផងដែរថា លោកពិតជាចាប់អារម្មណ៍បំផុតនូវសក្កដានុពល នៃវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ចាម ដ៏ស្រស់បំព្រងមួយនេះ ដោយខេត្តកំពង់ចាមសម្បូរទៅដោយ រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និងទេសចរណ៍ធម្មជាតិដ៏ស្រស់សម្បូរបែប ក្នុងនោះឯកអគ្គរដ្ឋទូត ក៏បានថ្លែងការកោតសរសើរនូវស្នាដៃដ៏អស្ចារ្យរបស់កូនខ្មែរ ដែលបានកែច្នៃពីដើមឬស្សី ទៅជាស្ពានឬស្សីឆ្លងកាត់ទន្លេមេគង្គដ៏វែង ដែលតភ្ជាប់ពីក្រុងកំពង់ចាម ឆ្ពោះទៅកាន់ទឹកដីកោះប៉ែន ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាថា បើពេលវេលាអំណោយផល នៅរដូវប្រាំងឆ្នាំក្រោយ ខណៈពេលស្ពានឬស្សីកោះប៉ែនចាប់ផ្តើមស្ថាបនា នោះឯកឧត្តមក្រុមការងារ នឹងអញ្ជើញមកចូលរួមទស្សនាម្ដងទៀត។

ដោយការដឹកនាំដ៏ឈ្លៀសវៃ និងបុិនប្រសព្វរបស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម លោកបានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយជំរុញដល់អ្នកវិនិយោគគិន ឲ្យមកធ្វើការវិនិយោគនៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ហើយខេត្តកំពង់ចាម ក៏សូមស្វាគមន៍ដល់អ្នកវិនិយោគគិន ដែលមានបំណងចង់មកធ្វើការវិនិយោគ លើគ្រប់វិស័យនៅក្នុងទឹកដីខេត្តកំពង់ចាម។ ជាការឆ្លើយតបទៅនឹងសំណើ របស់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមអគ្គរដ្ឋទូតបានថ្លែងថា លោកសូមទទួលយកនូវសំណើខាងលើនេះ ទៅជម្រាបដល់អ្នកវិនិយោគគិន ឲ្យមកធ្វើការវិនិយោគ នៅលើទឹកដីនៃខេត្តកំពង់ចាម ដ៏ស្រស់បំព្រងមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង