ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្ដព្រះសីហនុ សម្រេចបិទផ្សារវាលរេញ បណ្ដោះអាសន្ន ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩

157

 

ខេត្ដព្រះសីហនុ ៖ រដ្ឋបាលខេត្ដព្រះសីហនុ ចេញសេចក្ដីសម្រេចបិទផ្សារវាលរេញ ដែលស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ផ្អាកការលក់ដូររបស់បងប្អូនអាជីវករបណ្ដោះអាសន្ន រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឱ្យដឹងថាបន្ទាប់ពីអាជ្ញាធរស្រុក រកឃើញអាជីវករផ្សារវាលរេញមួយគ្រួសារ មានវិជ្ជមានកូវិដ-១៩ ទើបឈានដល់ការបិទផ្អាកការលក់ដូរជាបណ្តោះអាសន្ននេះ។ សេចក្ដីសម្រេចផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារវាលរេញ រយៈពេល ១៤ថ្ងៃ ប៉ុន្ដែអំឡុងពេលផ្អាកជាបណ្ដោះអាសន្ននេះ រដ្ឋបាលខេត្ដ លើកទឹកចិត្ដបងប្អូនអាជីវករទាំងអស់ ឱ្យលក់ដូរគ្រឿងឧបភោគបរិភោគនៅតាមផ្សារម៉ាត ឬផ្សារទំនើប ឬលក់ដូរនៅតាមលំនៅឋាន ឬទីតាំងលក់ដូរដែលរៀបរយផ្សេងទៀត ដោយអនុវត្ដតាមសេចក្ដីជូនដំណឹងលេខ ០០៨/២១ សណន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្ដីពីការអនុវត្ដស្តង់ដារសុវត្ថិភាពនៅតាមផ្សារម៉ាត ឬផ្សារទំនើប ឬលក់ដូរនៅតាមលំនៅឋាន ឬទីតាំងលក់ដូរដែលរៀបរយផ្សេងទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្ដព្រះសីហនុ។

លោក បន្ដថា ក្នុងករណីស្ថានភាពសុខភាពមានការប្រែប្រួល ដោយសង្ស័យអំពីការឆ្លងជំងឺកូវីដ-១៩ អាជីវករលក់ដូរនៅតាមផ្សារវាលរេញទាំងអស់ ត្រូវទំនាក់ទំនងផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឬទំនាក់ទំនងមកមន្ទីរសុខាភិបាលខេត្ដព្រះសីហនុ តាមរយៈលេខទូរស័ព្ទលេខ ០១២ ៧៩៤ ៨៩៦/ ០១៦ ៥២៦ ៥២០ ដើម្បីក្រុមគ្រូពេទ្យយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩។ ក្រោពេលបានផ្ដល់វត្ថុសំណាករួចរាល់ បងប្អូនអាជីវករ ព្រមទាំងក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធត្រូវតែប្រតិបត្ដិឱ្យត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ និង៣កុំ” របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង