ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេសអង់គ្លេស ជួបពិភាក្សាទ្វេភាគីជាមួយ ប្រមុខការទូតកម្ពុជា

350

ភ្នំពេញ៖ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា បានបន្តជួបឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីលោកបញ្ចប់ជំនួបជាមួយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

ជំនួបប្រមុខការទូតទាំងពីរ ផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។ នេះបេីតាមការប្រកាសរបស់ក្រសួងការបរទេស។

លោក ដូមីនិក រ៉ាអាប់ បានមកដល់កម្ពុជាកាលពីយប់មិញ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ ក្នុងថ្ងៃនេះ តបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។

តាមគម្រោង ក្នុងពេលបំពេញទស្សនកិច្ចនៅថ្ងៃនេះ លោក ដូមីនិក រ៉ាអាប់ ក៏មានកម្មវិធីជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ ប៉ុន្តែចៃដន្យដោយសារសម្តេច បានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩។ ក្រុមគ្រូពេទ្យតម្រូវឱ្យសម្តេចធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ហើយជំនួបនេះក៏ត្រូវបានលុបចោលផងដែរ។

ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ លោក ដូមីនិក រ៉ាអាប់ ក៏អញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ។

ក្រសួងការបរទេស បានប្រកាសថា ទស្សនកិច្ចផ្លូវការរបស់ លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា នឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្រ្តីការបរទេសអង់គ្លេស នឹងបន្តទៅបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរីផងដែរ ដែលជាប្រទេសសមាជិកអាស៊ានចុងក្រោយ ក្នុងចំណោម៣ប្រទេស ដែលលោកធ្វើទស្សនកិច្ចនៅតំបន់អាស៊នលើកនេះ បន្ទាប់ពីប្រទេសវៀតណាម និងកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង