ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថ្លែងកោតសរសើរ អាជ្ញាធររាជធានី ដែលបានសហការធ្វើឱ្យ បេសកកម្មការទូត៤ឆ្នាំទទួលបានផ្លែផ្កានិងជោគជ័យយ៉ាងធំធេង
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី Eva NGUYEN BINH បានសម្ដែងនូវការអរគុណនិងកោតសរសើរយ៉ាងខ្លាំង ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានសហការជាមួយស្ថានទូតបារាំងបានយ៉ាងល្អដែលធ្វើឱ្យការងារ ក្នុងបេសកកម្មរបស់លោកស្រី រយៈពេល៤ឆ្នាំនេះទទួលបានផ្លែផ្កានិងជោគជ័យយ៉ាងធំធេង ។
ការលើកឡើងរបស់លោកស្រី Eva NGUYEN BINH បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ មិថុនានេះ ខណៈដែលលោកស្រី ចូលជួបសម្តែងការគួរសមនិងជំរាបលា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់អាណត្តិការទូត របស់លោកស្រីនៅប្រទេសកម្ពុជា នៅសាលារាជធានីភ្នំពេញ។
ក្នុងជំនួបសម្តែងការគួរសម និងជំរាបលា លោកឃួង ស្រេងនោះ លោកស្រី Eva NGUYEN BINH ក៏បានសម្ដែងការកោតសរសើរផងដែរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈ
ដែរ ជម្ងឺនេះ បានរីករាលដាលពេញពិភពលោក ហើយរាជធានីភ្នំពេញក៏បានរីករាលដាលជម្ងឺនេះផងដែរនោះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងស្ថានភាពកូវីដ-១៩នេះ បានយ៉ាងល្អប្រសើរ ។
លោកស្រីបញ្ជាក់ទៀតថា ៖លោកស្រីពិតជាមានភ័ព្វសំណាង ដែលបានស្នាក់នៅបំពេញ ការងារការទូតនៅប្រទេសកម្ពុជា ស្របពេលដែលនៅលើពិភពលោក បានមានការរីករាលដាលជំងឺកូវី-១៩ ហើយប្រទេសកម្ពុជាមាន ការរីករាលដាលជម្ងឺនេះមានកម្រិតតិចតួច។
លោកស្រី Eva NGUYEN BINH បានបន្តទៀតថា
អាជ្ញាធររាជធានីភ្នំពេញពិតជាមាន ការលំបាកខ្លាំងណាស់ ចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងតស៊ូជាមួយនឹងការទប់ស្កាត់និងជំងឺកូវី-១៩នេះបានយ៉ាងល្អ។
ជាការឆ្លើយតបលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា៖ ប្រទេសបារាំងនិងប្រទេសកម្ពុជា បានមានទំនាក់ទំនង ការទូតជាមួយគ្នាជាយូរមកហើយ ហើយទំនាក់ទំនងនេះ កាន់តែរឹងមាំ និងកាន់តែល្អប្រសើរ ។
លោកឃួង ស្រេងបញ្ជាក់ថា៖ ក្នុងបេសកកម្ម បំពេញការងារ របស់លោកស្រីនៅកម្ពុជារយៈពេល៤ឆ្នាំនេះ លោកស្រី Eva NGUYEN BINH បានបំពេញបេសកកម្មការទូត បានយ៉ាងល្អនិងទទួលជោគជ័យ ។ ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានសម្ដែងនូវការ សោគស្តាយផងដែរ ដែលលោកមិន បានជួបជជែកនិងហូបបាយសាមគ្គីជាមួយ នឹងលោកស្រី អគ្គរដ្ឋទូតបារាំង មុនបញ្ចប់អាណត្តិ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងនឹងជួបគ្នា ចាប់ដៃគ្នាបំពេញការងារ នៅថ្ងៃខាងមុខទៀត ខណៈដែលលោកស្រីនឹងក្លាយ ជាប្រធានវិទ្យាស្ថានបារាំងនៅប៉ុន្មានថ្ងៃខាងមុខនេះ៕