ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកលិចនិងសណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ

142

 

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីរសៀលនិងល្ងាចថ្ងៃទី២២ សីហា ២០១៨នេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពទឹកលិចនិងបញ្ហាសណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ខណៈដែលទឹកជំនន់ទន្លេមេគង្គនៅតាមបណ្តាខេត្តផ្នែកខាងលើនៅតែបន្តកើនឡើង ហើយបញ្ហាសណ្តាប់ធ្នាប់នៅតែជាបញ្ហាប្រឈមនូវឡើយនោះ។

   ក្នុងដំណើរចុះពិនិត្យជាក់ស្តែងនោះលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យមើលនៅស្ថានីយបូបទឹកគីឡូម៉ែត្រលេខ៩ ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដើម្បីអោយដឹងពីកម្រិតទឹក ថាតើគួរបិទឬបើកទឹកនៅចំណុចស្ថានីយនេះ។ បន្ទាប់មកលោក ឃួង ស្រេងបានបន្តមកពិនិត្យស្ថានភាពទឹកនិងអាងស្តុបទឹកព្រះគន្លង់ រួមនិងការពិនិត្យនូវការទុកដាក់សម្រាមនិងបញ្ហាសណ្តាប់ធ្នាប់ ដោយលោកបន្តដើរពិនិត្យមើលសណ្តាប់ធ្នាប់នៅតាមមាត់ទន្លេ និងសួនច្បារ។ 

   បន្តមកទៀតលោកអភិបាលរាជធានីបានទៅពិនិត្យស្ថានភាពកម្ពស់ទឹកនៅព្រំប្រទល់ខេត្តកណ្តាល និងរាជធានីភ្នំពេញ ជាមួយនឹងការផ្ដល់ជូននូវផ្លូវបេតុងមួយខ្សែប្រវែងជាង១.០០០ម៉ែត្រ ដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិព្រែកតាឡុង៣ សង្កាតចាក់អង្រែក្រោម ខណ្ឌមានជ័យផងដែរ។

    គួរបញ្ជាក់ផងដែលថា នៅព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ កំពស់ទឹកទន្លេចតុមុខ ឡើងដល់កំពស់នីវ៉ូ +៩,៧០ ម៉ែត្រនៅសល់ ០.៨០ម៉ែត្រ ដល់កំពស់ប្រកាសអាសន្ន ១០.៥០ម៉ែត្រ ។តំបន់ខ្លះនៃភូមិសាស្ត្ររាជធានីភ្នំពេញ មានស្ថានភាពដីទាបជាងនីវ៉ូទឹកទន្លេ ប៉ុន្តែរាជធានីភ្នំពេញ មិនអាចទទួលរងការគំរាមកំហែងដោយទឹកជំនន់បានឡើយ និងមានសុវត្ថិភាព ដោយសារមានទំនប់ការពារទឹកជំនន់ដ៏រឹងមាំព័ទ្ឋជុំវិញទីក្រុង និងមានស្ថានីយ៍បូមទឹកចំនួន ១៣កន្លែងដែលភាគច្រើនជាស្ថានីយ៍ថ្មីមានសមត្ថភាពបូមទឹកកើនជាងមុន ៣ដង។

   ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងការចុះពិនិត្យនោះដែរ អភិបាលរាជធានីបានណែនាំអោយលោកអភិបាលខណ្ឌចំការមនលោកព្រំ សំខាន់រៀបចំសណ្តាប់ធ្នាប់អោយបានល្អពិសេសសណ្តាប់ធ្នាប់នៅជុំវិញស្ថានទូតរុស្សី ក្នុុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមិនត្រូវអោយមានការចតអាណាធិបតេយ្យ ការបង្កសំឡេងរំខានជាដើម។ តែបើម្ចាស់ហាងមិនគោរពតាមការណែនាំទេ អាជ្ញាធរខណ្ឌមានសិទ្ធិគ្រប់គ្រាន់ក្នុងការបិទអាជីវកម្មតែម្តង៕

អត្ថបទដែលជាប់ទាក់ទង