ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សកម្មជនចលនាមាតាធម្មជាតិទាំង ៣នាក់ សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ជ្រកក្រោមផ្លាកអង្គការមាតាធម្មជាតិ ចង់ឱ្យមានការបះបោរផ្តួលរំលំរាជរដ្ឋាភិបាល

32

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញប្រកាសព័ត៌មានមួយ ដោយបញ្ជាក់អំពីចម្លើយសារភាពរបស់ សកម្មជនចលនាមាតាធម្មជាតិ ទាំង៣នាក់។

ក្នុងសេចក្តីប្រកាសដែលបណ្តាញព័ត៌មានទទួលបាន អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ដូច្នេះថា៖ «ចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣រូប ក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ក្រោមផ្លាកអង្គការមាតាធម្មជាតិ ប៉ុន្តែការពិតគឺចង់ឱ្យមានការងើបបះបោរ ប្រឆាំងហើយ ឈានទៅ ផ្ដលរលំរាជរដ្ឋាភិបាល តាមវិធានការផ្ទុយនិងគោលការណ៍ នៃលទ្ធិប្រជាធិបតេ យ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»

សេចក្តីប្រកាសរបស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើង បន្ទាប់ពីមានអង្គការសមាគមប្រមាណ៧០ បានចេញសេចក្តីថ្លែងការណ៍ ទាមទារឱ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិ ដែលត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបំភ្លឺដូចតទៅ៖

១៖ អង្គការមាតាធម្មជាតិ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១២ ដោយមានព្រះតេជគុណព្រះនាម ព្រហ្ម ធម្មជាតិ ជាប្រធាន។ ក៏ប៉ុន្តែផ្អែកតាមសំណើចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០០៧ របស់ប្រធានអង្គការនេះ ក្រសួងមហាផ្ទៃ បានយល់ព្រមរំលាយអង្គការនេះ ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧។ តាមមូលហេតុខាងលើ អង្គការមាតាធម្មជាតិ ពុំមានអត្ថិភាព និងលែងមាននីតិសម្បទាផ្លូវច្បាប់ ក្នុងការបំពេញការងាររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជាទៀតទេ។

២៖ ទោះបីជាយ៉ាងនេះក្តី ឈ្មោះ Alexandro Gonzalez Davidson សញ្ជាតិអេស្ប៉ាញ ដែលឈរពីក្រោយឈ្មោះ អង្គការនេះហើយដែលត្រូវក្រសួងមហាផ្ទៃ បណ្តេញចេញពីព្រះរាជាណា ចក្រកម្ពុជាកាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតែបន្តធ្វើសកម្មភាពពីក្រៅប្រទេសដើម្បី រក្សាកម្លាំងរបស់ខ្លួនឱ្យធ្វើសកម្មភាពខុសច្បាប់។ ជាក់ស្តែង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឈ្មោះនេះបានដឹកនាំកិច្ចប្រជុំ ជាមួយសកម្មជនរបស់ខ្លួន០៣រូប ដោយក្នុងកិច្ច ប្រជុំពួកគេបានប្រើពាក្យពេចន៍ ប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាឮភិបាល។ ទង្វើទាំងនេះគឺជាផែនការញុះញង់បញ្ចើឱ្យមានការបែកបាក់ជាតិ និងរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាបង្កអសន្តិសុខសង្គម និងប៉ះពាល់ដល់ស្ថិរភាពជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចចាំបាច់ ត្រូវចាត់វិធានកាតាមច្បាប់ជាធរមាន។

៣៖ ផ្អែកតាមភស្តុតាងឃ្លីបវីដេអូ ដែលសមត្ថកិច្ចចាប់បានបង្ហាញយ៉ាងច្បាស់ថា ការធ្វើសកម្មភាពកន្លងមក របស់ក្រុមបណ្តាញខុសច្បាប់ ជ្រកក្រោមផ្លាកនៃអង្គការធម្ម គឺមិនមែនក្នុងបុព្វហេតុ ស្មោះត្រង់ចំពោះការពារធនធានធម្មជាតិ និងបរិស្ថាននោះទេ។ ផ្ទុយទៅវិញ ការធ្វើសកម្មភាពទាំងនោះ គឺបង្កប់ទៅដោយឧបាយកល ទុច្ចរឹតក្នុងបំណងញុះញង់ អុជអាល កៀរគរកម្លាំង ឱ្យងើបបះបោរបង្កើតឱ្យមាន ភាពចលាចលវឹកវរក្នុងប្រទេស។ ចម្លើយសារភាពរបស់ ជនសង្ស័យទាំង០៣រូបក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ក្រោមផ្លាកអង្គការមាតាធម្មជាតិ ប៉ុន្តែការពិតគឺចង់ឱ្យមានការងើបបះបោរ ប្រឆាំងហើយ ឈានទៅ ផ្ដួលរលំរាជរដ្ឋាភិបាល តាមវិធានការផ្ទុយនិងគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ចលនាមាតាធម្មជាតិ៣នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្នុងពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។ សកម្មជនចលនាមាតាធម្មជាតិ ៣នាក់គឺ កញ្ញា ស៊ុន រដ្ឋា និង លោក យឹម លាងហ៉ី ត្រូវបានចោទប្រកាន់ពី ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។ ដោយឡែក លោក លី ចាន់ដារ៉ាវុត ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់។ ពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ ភស្តុតាងវិដេអូមួយអំពីក្រុមចលនាមាតាធម្មជាតិខុសច្បាប់ ដែលមានជន ត្រូវចោទទាំង៣រូបខាងលើដែរនោះ ប្រមាថអង្គព្រះមហាក្សត្រ និងប្រើប្រាស់ហិរញ្ញប្បទានភេវរកម្ម ដើម្បីធ្វើសកម្មភាពផ្តួលរំលំរដ្ឋាភិបាល ត្រូវបាន Facebook មួយឈ្មោះ «កម្ចាត់ជនក្បត់» ទម្លាយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង