ពលរដ្ឋ វាយបុរសម្នាក់ហើមមុខ ដោយសារតែស្រវឹង បើករថយន្ដម៉ាកford បុកម៉ូតូចូលក្រោមរថយន្ត អូសទៅមុខជាង១គីឡូ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់
ភ្នំពេញ ÷ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាកfordមួយគ្រឿង ក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូ ចូលក្រោមរថយន្តអូសទៅមុខជាង១គីឡូម៉ែត្រ បណ្តាលឲ្យស្រ្តីម្នាក់ ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរ ហើយតៃកុងឡានទំនើងនោះត្រូវប្រជាពលរដ្ឋស្វាគមន៍ឡើងហើមមុខ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩នឹង០០នាទីយប់ ថ្ងៃបទី២៣ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្រ្តីម្នាក់ ជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៦ មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1-FR 9200 ធ្វើដំណើរតាមបណ្តោយផ្លូវព្រៃស ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តម៉ាកford មួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2-BA 7399 បើកបរដោយបុរសម្នាក់ មកបុកម៉ូតូចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យម៉ូតូចូលក្រោមរថយន្ត រួចមិនព្រមឈប់ក៏ព្យាយាមបើករត់ទៅមុខ ជាង១គីឡូម៉ែត្រ ត្រូវបានប្រជាពលរដ្ឋឃើញ នាំគ្នាដេញតាមឃាត់បានវិញ នៅផ្លូវ២១៧ ចំណុចជិតស្តុបផ្សារថ្នល់បត់។ ចំណែកឯតៃកុង ត្រូវប្រជាពលរដ្ឋ វាយហើមមុខរួចប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើការដោះស្រាយគ្នា ៕