ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លើកពេលសវនាការ

312

ខេត្តកំពង់ធំ ៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកពេលសវនាការ ចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២១។

សាលាដំបូង និងអយ្យការអម សាលាដំបូងខេត្តកំពង់ធំ ការលើកពេលសវនាការ យោងលិខិតលេខៈ៦៥០/២១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ របស់ពន្ឋនាគារខេត្តកំពង់ធំ និងលិខិតលេខៈ ២៧១៣អ.ក/២១ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មានកិត្តិយសសូមជម្រាបជូន លោក លោកស្រីមេធាវី ភាគីពាក់ព័ន្ឋក្នុងសំណុំរឿង និងសាធារណជនមេត្តាជ្រាបថា ដោយសារស្ថានភាពនៃការចម្លងជំងឺកូវីដ-១៩ មានការ រីករាលដាលឆាប់រហ័ស និងដោយបានទទួលដំណឹងអំពីការស្នើសុំពន្យារពេលសវនាការជំនុំជម្រះជនជាប់ចោទរយៈ ពេល១៤ថ្ងៃ របស់ពន្ធនាគារខេត្តកំពង់ធំ គិតចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីមន្ត្រីពន្ធនាគារខេត្តកំពង់ធំទាំងអស់ បានធ្វើតេស្តយកសំណាករកជំងឺកូវីដ-១៩ ហើយដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលក្នុងសហគមន៍បន្ថែមទៀត សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពង់ធំសម្រេច “លើកពេលសវនាការ” ដែលបានគ្រោងទុកចន្លោះ ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែក្កដា ឆ្នាំ២០២១ ទៅពេលក្រោយវិញ។ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នឹងកំណត់កម្មវិធីសវនាការឡើងវិញ ក្រោយពេល ស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។ ដោយឡែកពាក់ព័ន្ធនឹងសំណុំរឿងចាំបាច់មួយចំនួន លោក លោកស្រីចៅក្រម ពិនិត្យនិងចាត់ការតាមជាក់ស្ដែងយោងតាមករណីនីមួយៗ ដោយគោរពតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងកាត់បន្ថយការប្រមូលផ្តុំ។

ចំពោះការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងដំណើរការជាធម្មតា ប៉ុន្តែសូមថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវបំពេញភារកិច្ចរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវវិធានការ អនាម័យ ពាក់ម៉ាស់ លាងដៃ រក្សាគម្ពោត ជៀសវាងការប្រមូលផ្តុំ និងតាមដានសុខភាពជាប្រចាំ៕

 

អត្ថបទដែលជាប់ទាក់ទង