ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងឯកឧត្តម គួច ចំរើន ចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ និងស្រុកកំពង់សីលា

25

ព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី តាមបណ្តាគោលដៅមួយចំនួន ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ និងស្រុកកំពង់សីលា នៃខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា អ្វីជាការប្ដេជ្ញាចិត្ត នៃការចាក់វ៉ាក់សាំងនេះ គឺដើម្បីបង្កើនភាពស៊ាំដល់ រាងកាយរបស់ប្រជាពលរដ្ឋយើង ឱ្យមានសុខភាពមាំមួន តាមអង្គការសុខភាពពិភពលោកឱ្យដឹងថា ជម្រើសល្អបំផុតនៃវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩នេះគឺ៖

ទី១ ការចាក់វ៉ាក់សាំង ដែលបណ្តាប្រទេសនៅលើពិភពលោក កំពុងប្តេជ្ញាចិត្តសម្រុកខិតខំរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋប្រទេសរៀងៗខ្លួនដើម្បីឱ្យមានភាពស៊ាំ។

ទី២ អ្នកវិទ្យាសាស្ត្រកំពុងខិតខំស្រាវជ្រាវរកឱសថសម្រាប់ ការព្យាបាលបន្ថែមទៀត អនាគតវ៉ាក់សាំងក៏មាន ឱសថព្យាបាលក៏មាន អាចក្លាយជាធម្មតានៃជំងឺដូចជំងឺដ៏ទៃផ្សេងៗទៀត ចំពោះមុខយើងគ្មានជម្រើសណាក្រៅពីការខិតខំជម្រុញការចាក់វ៉ាក់សាំង ព្រោះវាអាចជួយកាត់បន្ថយការ ឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លងក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់អាយុជីវិតឡើយ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ដំណើរការចាក់វ៉ាក់សាំងនៅខេត្តព្រះសីហនុ ទោះបីមានខ្យល់ ភ្លៀងធ្លាក់ខ្លាំងក៏ដោយ ទីតាំងដែលយើងជ្រើសរើសការចាក់វ៉ាក់សាំងនេះ មានសំណង់រឹងមាំធានាបានសុវត្ថិភាពសម្រាប់ក្រុមគ្រូពេទ្យ ក៏ដូចប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង ស្របតាមស្ថានភាពអាកាសធាតុ ពិសេសអ្នកដែលចាក់វ៉ាក់សាំងហើយមិនឱ្យត្រូវទឹក យើងឱ្យពួកគាត់ស្នាក់នៅកន្លែងសុវត្ថិភាព ក្រោយរាំងភ្លៀងទើបឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥតសារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទ ជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង មានប្រសាសន៍ថា ថ្ងៃទីមួយនៃការបើកយុទ្ធនាការនៃ ការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋសម្រាប់ខេត្តទាំង០៤ កងយោធពលខេមរៈភូមិន្ទ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៥៨.៣០៩នាក់ ដោយឡែកនៅខេត្តព្រះសីហនុ ចាក់បាន ១៤.១៧៩នាក់ ហើយថ្ងៃទីពីរ លទ្ធផលនឹងកើនឡើង ដោយសារពីម្សិលមិញ ប្រជាពលរដ្ឋមិនទាន់ដឹង ខ្លះមកយឺត កន្លែងខ្លះធ្វើពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង វាមានការយឺតយ៉ាវតិចតួច ប៉ុន្តែថ្ងៃនេះទទួលបានលទ្ធផលល្អ ពិសេសការសហការជាមួយអាជ្ញាធរគ្រប់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ យើងឃើញថា អាជ្ញាធរជាអ្នកផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង ប្រជាពលរដ្ឋមកតាម លំដាប់លំដោយតាមចំនួនគ្រូពេទ្យចាក់។ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺក្រុមគ្រូពេទ្យពិនិត្យតាមលក្ខណៈបច្ចេកទេសសុខាភិបាល ព្រោះពួកគាត់បានស្ម័គ្រចិត្តមកចាក់។ ដោយឡែកការរំខានពីអាកាសធាតុម្សិលម៉ិញ មានភ្លៀងពេលព្រឹក ក្រុមគ្រូពេទ្យយើងមិនសំរាកទេ សុខចិត្តដូរវេនគ្នាហូបបាយ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយបានណែនាំពួកគាត់កុំឱ្យប៉ះទឹកភ្លៀង ត្រូវអនុវត្តតាមលក្ខណៈបច្ចេកទេសរបស់សុខាភិបាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានអំពាវនាវប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នា ធ្វើឱ្យបាត់សណ្ដាប់ធ្នាប់។ ចំពោះប្រជាពលរដ្ឋដែលដល់វេនមកទទួលវ៉ាក់សាំង ត្រូវអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ ដោយយកឯកសារមកជាមួយមានដូច ជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬឯកសារពាក់ព័ន្ធនានា។ ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឱ្យកងយោធពលខេមរភូមិន្ទ ចាក់វ៉ាក់សាំងនៅខេត្តព្រះសីហនុ ជូនកម្មករ និយោជិត និងជនបរទេសដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង។ ករណីប្រជាពលរដ្ឋនៅ ខេត្តព្រះសីហនុបានចាក់វ៉ាក់សាំងគ្រប់គ្នា នោះនឹងទទួលបានភាពស៊ាំមួយ ដើម្បីទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិលទៅរកភាពដើមវិញនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង