ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ បានអនុម័តតាមរបៀបវារៈទំាង៩ ដែលបានគ្រោងទុក

78

 

ភ្នំពេញ ៖ សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ បានអនុម័តលើរបៀបវារៈ ដែលបានគ្រោងទុកទំាង៩។

របៀបវារៈទំាង៩មាន ព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦។ របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសថា ដើម្បីកាត់បន្ថយរយៈពេល នៃសម័យប្រជុំរដ្ឋសភានាថ្ងៃនេះ ក្នុងគោលបំណងចូលរួមវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ សម្តេចប្រធានរដ្ឋសភា មិនបានអានរបាយការណ៍សង្ខេបទេ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ចែកជូនតំណាងរាស្រ្តទាំងអស់ និងផ្សព្វផ្សាយជាសាធារណៈ។
ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនៃរដ្ឋសភា នីតិកាលទី៦ ចំនួនពីររូប ជំនួសសមាជិកដែលបានលាលែង ដែលមាន ឯកឧត្តម ខឹម ច័ន្ទគីរី តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ង៉ោ សុវណ្ណ ដែលបានសុំលាលែង និងឯកឧត្តម ម៉ែន កួន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ជំនួស ឯកឧត្តម ប្រាជ្ញ ចន្ទ ដែលបានសុំលាលែង និងការបោះឆ្នោតទុកចិត្ត ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការបោះឆ្នោតជ្រើសតំាង លោកជំទាវ ពៅ សុភាព ជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។

ដោយសារប្រធាន និងលេខាធិការគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា បានសុំលាលែង ដូច្នេះគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា ត្រូវធ្វើការប្រជុំដើម្បីបោះឆ្នោតជ្រើសតាំង ប្រធាន និងលេខាធិការថ្មីជំនួស ដែលមានលទ្ធផល ដូចតទៅ៖ ១. ឯកឧត្តម សរ ចំរុង ត្រូវបានជាប់ឆ្នោត ជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា និង២. ឯកឧត្តម សួន រិនឌី ត្រូវបានជាប់ឆ្នោត ជាលេខាធិការគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា ។

ចំពោះការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ សម័យប្រជុំរដ្ឋសភា បានអនុម័តជាឯកច្ឆន្ទ នូវសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។

សេចក្តីព្រាងច្បាប់ទំាងបួនខាងលើ បានឆ្លើយតបការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស ដែលមានតម្រូវការថាមពលអគ្គិសនីកើនឡើងជាលំដាប់។ ក្នុងខណៈដែលប្រទេសជាតិមានសុខសន្តិភាពនិងស្ថិរភាពនយោបាយ បាននាំឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើគ្រប់វិស័យនិងបានលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើងជាលំដាប់។ ទន្ទឹមនឹងនោះ តម្រូវការអគ្គិសនីក៏បានកើនឡើងក្នុងអត្រាមួយខ្ពស់។ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការអគ្គិសនីនេះ រាជរដ្ឋាភិបាលដែលមានក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យថាមពលទំាងប្រភពថាមពលនិងបណ្តាញបញ្ជូនអគ្គិសនីដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីឲ្យបានគ្រប់គ្រាន់ មាននិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាពនិងមានតម្លៃសមរម្យ។

សេចក្តីព្រាងច្បាប់ទំាងបួននេះ ជាការអនុវត្តតាមកិច្ចព្រមព្រៀងដែលរាជរដ្ឋាភិបាល បានធ្វើឡើងជាមួយប្រទេសជាមិត្តនិងដៃគូវិនិយោគ ដើម្បីធានាដល់ការអភិវឌ្ឍ ការផ្គត់ផ្គង់ថាមពលអគ្គិសនី ផ្តល់សេចក្តីទុកចិត្តនិងជាការទាក់ទាញអ្នកវិនិយោគបន្ថែមទៀត។

នៅក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់ខាងលើនេះ មាន ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ហើយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងសហការី តំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់៕

អត្ថបទដែលជាប់ទាក់ទង