ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-បារាំង បន្តការពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រឹងចំណងមិត្តភាព ឲ្យកាន់តែល្អប្រសើរថែមទៀត

38

 

ភ្នំពេញ ៖ ប្រមុខការទូត នៃព្រះរាជាណាចក្រកម្ពុជា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង លោកស្រី Eva Nguyen Bing ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ដែលត្រូវចប់អាណត្តិការទូតនៅកម្ពុជា បានបង្ហាញពីជំហរ ក្នុងការជម្រុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណងមិត្តភាព រវាងប្រទេសទាំងពីរឲ្យកាន់ តែមានភាពរឹងមាំថែមទៀត ដើម្បីប្រយោជន៍ដល់ ប្រជាជននិងសង្គមជាតិទាំងមូល។

លោក ណី សំអុល អគ្គនាយកនៃអគ្គនាយកដ្ឋាន អឺរ៉ុប អាមេរិក អាហ្វ្រិក និងមជ្ឈឹមបូព៌ា និងជាអ្នកនាំពាក្យរង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបសម្ដែងការ គួរសមនិងជម្រាបលា របស់លោកស្រីឯកអគ្គរដ្ឋទូត នាព្រឹកថ្ងៃទី 24 ខែមិថុនាឆ្នាំ 2021 នៅទីស្ដីការក្រសួងថា ក្នុងតួនាទីជាអ្នកការទូតប្រចាំកម្ពុជា រយៈពេល 4 ឆ្នាំមកនេះ លោកជំទាវ Eva Nguyen Bing បានបំពេញការងារការទូត ទទួលបានផ្លែផ្កាជាច្រើន ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ។
លើសពីនេះទៅទៀត វត្តមានរបស់លោកស្រីពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនធនធានមនុស្ស ក៏ដូចជាការបង្កើន កិច្ចសហប្រតិបត្តិការលើការ ពង្រឹងទំហំពាណិជ្ជកម្មទ្វេភាគី ពង្រឹងទំនាក់ទំនងការទូត និងចំណងមិត្តភាពឲ្យកាន់ តែខ្លាំងក្លារឹងមាំថែមទៀត។

លោកអ្នកនាំពាក្យរូបនេះ បានបន្តទៀតថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មកាទូត របស់លោកស្រីនៅក្នុងប្រទេសកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ លើវិស័យដូចជា៖ វិស័យពាណិជ្ជកម្ម វិស័យអប់រំ សុខាភិបាល វប្បធម៌ ការពារជាតិយុត្តិធម៌ ទឹកស្អាត ថាមពល កសិកម្ម និងអភិវឌ្ឍន៍ជនបទជាដើម។

លើសពីនេះទៅទៀត លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញទៀតថា ក្នុងអាណត្តិការទូតរបស់លោកស្រី មានភាពលេចធ្លោខ្លាំងជាងគេគឺ វិស័យទឹកស្អាត ជំរុញទីផ្សារបារាំងនៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើនផលិតផលបារាំងនៅក្នុងទីផ្សារ និងវិស័យអាទីភាពមួយចំនួនទៀត។
ជាមួយគ្នានោះលោកស្រីឯកអគ្គរដ្ឋទូតបារាំង បានថ្លែងនូវអំណរគុណ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជា គ្រប់ជាន់ថ្នាក់ តែងតែផ្តល់នៅ កិច្ចសហប្រតិបត្តិការគ្រប់ពេលវេលា ដើម្បីឲ្យការងាររបស់ លោកស្រី នៅកម្ពុជាទទួលបានជោគជ័យកន្លងមក។

លោកស្រី បានបញ្ជាក់ផងដែរថា ក្នុងនាមប្រទេសជាមិត្តបារាំង ប្តេជ្ញានឹងជួយកម្ពុជា រៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឲ្យទទួលបានជោគជ័យ។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្ម រវាងបារាំង-កម្ពុជា មានការកើនឡើងជាលំដាប់គឺ នៅក្នុងឆ្នាំ 2018 និងឆ្នាំ 2019 មានរហូតដល់ទៅជាង 500 លានអឺរ៉ូក្នុងមួយឆ្នាំ ។ ប៉ុន្តែជាអកុសលដោយសារបញ្ហាវិបត្តិជាសកល នៃជំងឺកូវីដ19 ធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការធ្លាក់ថយបន្តិចបន្តួច។ យ៉ាងណានៅក្រោយវិបត្តិនេះទៅ ប្រទេសទាំងពីរនិងជំរុញឲ្យទំហំពាណិជ្ជកម្មនេះ មានការកើនឡើងទ្វេដង៕

អត្ថបទដែលជាប់ទាក់ទង