ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីមុខងារសាធារណៈ និងប្រធាន JICA ពិភាក្សាគ្នា ជំរុញកិច្ចសហប្រតិបត្តិការ លើកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ

35

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានវាយតម្លៃខ្ពស់ចំពោះ ជំនួយឧបត្ថម្ភកន្លងមករបស់រដ្ឋាភិបាលជប៉ុន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ពិសេសការគាំទ្រ ដល់កិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏បានរំលឹកផងដែរ អំពីសកម្មភាព កិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានផ្តល់ជាបន្តបន្ទាប់ នូវវគ្គបណ្តុះបណ្តាល អាហារូបករណ៍ និងកម្មវិធីទស្សនកិច្ចសិក្សាជាច្រើន នៅប្រទេសជប៉ុន សម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានពិភាក្សាគ្នា ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ លើកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់ លើការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ។

នៅទីបញ្ចប់នៃជំនួបពិភាក្សាការងារនេះ ទាំងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវប្រធាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្តែងនូវឆន្ទៈយ៉ាងមុតមាំ ក្នុងការបន្តទំនាក់ទំនង កិច្ចសហប្រតិបត្តិការកាន់ តែជិតស្និទ្ធបន្ថែមទៀត ដោយចាត់ឱ្យក្រុមការងារជំនាញធ្វើទំនាក់ទំនង រៀបចំសកម្មភាព និងគម្រោងកិច្ចសហប្រតិបត្តិការ ជាក់លាក់នាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង