សម្តេចតេជោ នឹងអាចលើកលែងទោស ដល់អ្នកជាប់ពន្ធនាគារកន្លងមក ក្នុងបុណ្យឯករាជ្យជាតិ និងបុណ្យរំលឹកខួប ២០ឆ្នាំនៃនយោបាយ ឈ្នះ-ឈ្នះ
កណ្តាល៖ ក្នុងឱកាសអញ្ជើញជួបកម្មករ នៅក្នុងខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅពេលខាងមុខនេះ សម្តេចតេជោ នឹងអាចលើកលែងទោស ដល់អ្នកជាប់ពន្ធនាគារកន្លងមក ដែលការលើកលែងទោសនេះ អាចនឹងធ្វើ ឡើងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បុណ្យអ៊ុំទូក បុណ្យឯករាជ្យជាតិ និងបុណ្យរំលឹកខួប ២០ឆ្នាំនៃនយោបាយ ឈ្នះ-ឈ្នះ ក្នុងពេលខាងមុខនេះជាដើម។
សម្តេចតេជោបន្ថែមថា “ការលើកលែងទោសនេះ គឺជាគុណធម៌ និងសមាណចិត្តផ្ទាល់របស់សម្តេច គឺមិនមែនដោយសារការគាបសង្កត់ពីបរទេសណាឡើយ”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឡាយព្រះហស្ថលេខារបស់ព្រះមហាក្សត្រក្នុងការចាត់តាំងសម្តេចជានាយករដ្ឋមន្ត្រី គឺខុសពីការតែងតាំង។ ក្នុងន័យនេះសម្តេចតេជោ ស្នើឲ្យអ្នករិះគន់បែងចែងឲ្យច្បាស់ពីខ្លឹមសារនៃការចាត់តាំង និងតែងតាំង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកពីគុណតម្លៃនៃការបង្កើត “ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដែលបានផ្តល់ឱកាសឲ្យគណបក្សនយោបាយ ដែលបានចូលរួមបោះឆ្នោតកាល ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ដើម្បីរួមគ្នាពិគ្រោះយោបល់រកចំណុចល្អវិជ្ជមាន យកទៅអនុវត្តន៍ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតប្រជែងធ្វើឡើងនៅពេលបោះឆ្នោត តែក្រោយការបោះឆ្នោតត្រូវរួបរួមគ្នាក្នុងការកសាងជាតិ។ ព្រោះតែស្មារតីនៃការរួបរួមនេះហើយ ទើបសម្តេចសម្រេចផ្តួចផ្តើមគំនិតបង្កើតឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបី ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ បង្កើតមិនទាន់យ៉ាងណាក្តី ក៏ត្រូវអញ្ជើញតំណាងគណបក្ស នយោបាយទាំងអស់ឲ្យមកពិគ្រោះ និងផ្តល់យោបល់លើច្បាប់ថវិកាផងដែរ មុនដាក់ទៅគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័ត។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ព្រោះតែធ្លាប់អនុវត្តន៍នូវនយោបាយឈ្នះឈ្នះនេះហើយ ទើបសម្តេចសម្រេចប្រមូលគ្រប់ធនធានមកពីបក្សនយោបាយទាំងអស់ នៅក្នុងអាណត្តិនេះមកធ្វើការបម្រើប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានការសោកស្តាយចំពោះគណបក្សនយោបាយមួយចំនួន ដែលសម្តេចបានផ្តល់ឱកាសទៅហើយបែរជាមិនចូលរួមទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “សម្តេចចង់មានការលើកលែងទោសទ្រង់ទ្រាយធំ តែសូមកុំនិយាយថា ការលើកលែងទោសនេះ ព្រោះតែគំនាបបរទេស។ នៅក្នុងរដូវបុណ្យភ្ជុំឆ្នាំនេះ សម្តេចចង់មានការលើកលែងទោសទ្រង់ទ្រាយធំ ដែលក្នុងនោះសម្តេចគ្រោងនឹងលើកលែងទោសអតីតមន្រ្តីរបស់បក្សប្រឆាំង១២នាក់ផងដែរ។ ប្រសិនបើមានការលើកឡើងណាមួយថា ការដោះលែងរបស់សម្តេចធ្វើព្រោះគំនាបរបស់បរទេសនោះសម្តេចនឹងពិចារណាឡើងវិញ”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងអញ្ជើញទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានចេញបញ្ជាឲ្យក្រសួងសាធារណការ និងក្រសួងអភិវឌ្ឍន៍ត្រៀមស្តារឡើងវិញនូវផ្លូវដែលរងការខូចខាត។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាទៅក្រសួងសុខាភិបាលត្រៀមបង្ការទប់ស្កាត់បញ្ហាជំងឺចំពោះប្រជាពលរដ្ឋ។
នៅព្រឹកថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន ១៧.៥០៣នាក់ មកពីរោង ចក្រ សហគ្រាសចំនួន១២ ដែលពិធីសំណេះសំណាលនេះបានធ្វើឡើង នៅភូមិព្រែកត្រែង២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង១២នេះ មានទីតាំងស្ថិត នៅស្រុកគៀនស្វាយចំនួន១០ នៅស្រុកលើកដែកចំនួន១ និងស្រុកស្អាងចំនួន១ ។ រោងចក្រ សហគ្រាសទាំងនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៦, ផលិតស្រោមដៃស្គីទឹកកកចំនួន១, តម្បាញ១, ផុងសម្លៀកបំពាក់ចំនួន១, ផលិតបរិក្ខាពេទ្យធ្មេញចំនួន១, ផលិតជីកសិកម្មចំនួន១ និងបោកគក់ចំនួន១ ដែលវិនិយោគដោយជនជាតិចិនចំនួន១០, វិនិយោគដោយកូរ៉េចំនួន១ និង វិនិយោគដោយជនជាតិ វៀតណាមចំនួន១ ។
សម្តេចតេជោនាយករដ្ឋ មន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះកូនក្មួយទាំងអស់ ដែលបានគោរពស្រលាញ់ សម្តេចតេជោរហូតមក។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញដែលនេះគឺបានបង្ហាញពីក្តីស្រឡាញ់និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពគ្នារវាងកម្មករ និងម្ចាស់រោង ចក្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរពីគុណតម្លៃនៃនយោបាយ ឈ្នះ-ឈ្នះ ដែលសម្តេចតេជោ បានបង្កើតឡើង ក្នុងការធ្វើសមាហរណកម្មរវាងក្រុមអាវក្រហម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់សង្គ្រាមផ្ទៃក្នុង និងបន្តកសាងអភិវឌ្ឍប្រទេសឲ្យរីកម្រើនដល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីម្តងទៀតថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ធ្វើពិធីបុណ្យធំដើម្បីរំលឹកដល់ខួប ២០ឆ្នាំនៃការបង្កើតនយោបាយ ឈ្នះ-ឈ្នះ ដែលមានចំនួន ៣ថ្ងៃ គឺនៅថ្ងៃទី២៩ ទី៣០ និងទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ស្របពេលនៃរៀបចំឆ្លងឆ្នាំសកលនៅទីនោះតែម្តង។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចុះជួយដល់ បងប្អូនប្រជាពលរដ្ឋតាមបណ្តាលខេត្តមួយចំនួន ដែលទទួលរងគ្រោះដោយទឹកជំនន់ ក្នុងនោះក្រសួងកសិកម្ម ត្រូវត្រៀមពូជស្រូវសម្រាប់ជូនប្រជាពលរដ្ឋក្រោយទឹកចុះស្រកផងដែរ។ ចំណែកឯក្រសួង សុខាភិបាលវិញ ត្រូវតែបង្កើនការយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះទឹកជំនន់ និងពេលទឹកស្រកដោយត្រូវពង្រឹង និងបន្ថែមសកម្មភាពតាម មណ្ឌលសុខភាព និងមន្ត្រីពេទ្យបង្អែកនានា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏សូមអំពាវនាវដល់ ធនាគារ ជាតិនៃកម្ពុជា ត្រូវធ្វើការងារជាមួយធនាគារឯកជន ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បី បន្ធូរបន្ថយការ ប្រាក់ ឬ លក្ខខណ្ឌងាយស្រួលក្នុងការទទួលបាននូវប្រាក់កម្ចីផ្សេងៗដើម្បីគាត់មានលទ្ធភាពយកទៅ សង្គ្រោះដំណាំរបស់គាត់ដែលទទួលរងការខូចខាត។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តី មោទនៈភាពចំពោះក្មួយៗ សិស្សានុសិស្សដែលទើបតែ ប្រឡងបាក់ឌុបហើយ ក្នុងពេលថ្មីៗនេះ។ សម្តេចតេជោ បានជូនពរឲ្យក្មួយៗបានប្រឡងជាប់គ្រប់ៗគ្នា និងទទួលបាននិទ្ទេស (A) ដើម្បីត្រៀម ខ្លួននឹងត្រូវជួបសម្តេចតេជោនាពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រជាពលរដ្ឋ និងកម្មករទាំងអស់ដែលបានចូលរួម អនុវត្តលទ្ធិប្រជាធិបតេយ្យ ការរក្សាសន្តិភាព និងការអភិវឌ្ឍជាពិសេសបានទៅបោះឆ្នោតគាំទ្រ គណបក្ស ប្រជាជនកម្ពុជា។
ដើម្បីជំរុញការអនុវត្តការងារអោយមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ ចេញនូវអនុសាសន៍សំខាន់ៗ១០ចំណុច។
សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាច្រើនទៀត ជូនកូនក្មួយកម្មករ ជាពិសេសនៅអាណត្តិទី ៦នេះ។ ។ ការដំឡើងប្រាក់ខែ គឺនឹងដំឡើងនៅរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩ខាងមុខនេះ គឺនឹងអនុវត្តការបើកប្រាក់ឈ្នួលជា២ដង ក្នុង១ខែ ដើម្បីជួយសម្រួលអោយកម្មករមានប្រាក់ឈ្នួលប្រើប្រាស់កាន់តែងាយស្រួល។ សម្តេចតេជោ នឹងបន្តអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជា មួយបងប្អូនកម្មករនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត៕