អូស្រ្តាលីគាំទ្រ ចំពោះដំណើរការ នៃការរៀបចំច្បាប់ថ្មី ស្តីពីពិការភាព
ភ្នំពេញ ៖ អូស្រ្តាលីកំពុងធ្វើការជាមួយ ប្រទេសកម្ពុជា លើការអនុវត្តច្បាប់ថ្មីស្តីពីពិការភាព។ អូស្រ្តាលី បានជួយដល់វិស័យពិការភាព នៅកម្ពុជា អស់រយៈពេលជាង ១០ ឆ្នាំមកហើយ។
ថ្ងៃទី២៥មិថុនានេះ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា លោកបណ្ឌិត Ben Gauntlett ស្នងការទទួលបន្ទុកប្រឆាំងការរើសអើង ជនមានពិការភាព និងលោក Luke Arnold ភារធារីស្ថានទូតអូស្រ្តាលី បានដឹកនាំកិច្ចសន្ទនា លើការរៀបចំច្បាប់ថ្មីស្តីពីពិការភាព នៃប្រទេសកម្ពុជា ជាមួយ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MOSVY) និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។
ប្រទេសកម្ពុជាកំពុងបង្កើតច្បាប់ថ្មីមួយស្តីពីពិការភាព ដើម្បីអនុលោមតាមកាតព្វកិច្ចនានា ក្រោមក្របខ័ណ្ឌនៃអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ ។ មុនកិច្ចប្រជុំនេះ ស្ថានទូត អូស្រ្តាលី និង គណៈកម្មការសិទ្ធិមនុស្សអូស្រ្តាលី បានផ្តល់អនុសាសន៍ជា លក្ខណៈបច្ចេកទេសដល់ ក្រុមប្រឹក្សាសកម្មភាពជនពិការ អំពីការគិតគូរលើការបញ្ចូល នូវវិធីសាស្រ្តសិទ្ធិមនុស្សជាមូលដ្ឋាន ទៅក្នុងច្បាប់ថ្មីស្តីពីពិការភាពនេះ។
លោក Arnold បានមានប្រសាសន៍ថា “ខ្ញុំមានមោទនភាពដែលយើង បន្តកសាងកិច្ចសហការ ដែលមានជាងមួយទសវត្សរ៍មកហើយ រវាងរដ្ឋាភិបាលអូស្រ្តាលី និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិរបស់ជនមានពិការភាព និងការធានាឱ្យមានការចូលរួម របស់ពួកគេដោយពេញលេញ នៅក្នុងសង្គមកម្ពុជា។”
នៅក្នុងកិច្ចប្រជុំ លោកបណ្ឌិត Ben Gauntlett បានចែករំលែកបទពិសោធន៍ របស់ប្រទេស អូស្ត្រាលី លើការរៀបចំ និងការអនុវត្តច្បាប់បរិយាបន្នពិការភាព។ ឯកឧត្តម ឯម ច័ន្ទមករា និងលោកបណ្ឌិត BenGauntlett ក៏បានពិភាក្សាគ្នាលើ បទពិសោធន៍របស់ប្រទេសអូស្ត្រាលី ក្នុងការអនុវត្តអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីសិទ្ធិជនពិការ (UNCRPD)។
លោក Arnold បានមានប្រសាសន៍ថា “កិច្ចប្រជុំថ្ងៃនេះ គឺជាឱកាសដ៏មានសារៈប្រយោជន៍សម្រាប់ អូស្ត្រាលី និងកម្ពុជា ដើម្បីចូលរួមចំណែកក្នុងន័យស្ថាបនាលើកិច្ចការដ៏សំខាន់ទាក់ទងនឹងសិទ្ធិមនុស្ស។ ទន្ទឹមនឹងការគាំទ្រជាយូរមកហើយ របស់កម្មវិធីកិច្ចសហប្រតិបត្តិការអូស្ត្រាលី សម្រាប់ជនមានពិការភាពនៅ កម្ពុជា ខ្ញុំយល់ឃើញថា កិច្ចសន្ទនានេះ គឺជាជំនួបលើកដំបូង ដែលមិនធ្លាប់មានពីមុនមក។”
លោក Arnold បានបន្តទៀតថា “ខ្ញុំសង្ឃឹមថាកិច្ចសន្ទនានេះ នឹងនាំទៅរកកិច្ចសហការជាបន្ត ទៀត រវាងគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី (AHRC) និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោល ដៅរួមគ្នារបស់យើង ក្នុងការលើកកម្ពស់សិទ្ធិរបស់ជនមានពិការភាព អនុលោមតាម UNCRPD។
លោកបណ្ឌិត Ben Gauntlett បានមានប្រសាសន៍ថា គណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី (AHRC) រីករាយស្វាគមន៍ចំពោះឱកាសនៃ ការចែករំលែកបទពិសោធន៍របស់អូស្ត្រាលីនេះ ក្នុងកិច្ចការ ការពារ និងលើកកម្ពស់សិទ្ធិជនពិការភាព។
លោកបណ្ឌិត Ben Gauntlett បានបន្តទៀតថា “ខ្ញុំសូមកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះ ការប្តេជ្ញាចិត្តរបស់ខ្លួនលើ កិច្ចគាំពារសិទ្ធិមនុស្សដ៏សំខាន់នេះ និងចំពោះការបោះជំហានដ៏សំខាន់នៅក្នុងការ ធ្វើកំណែទម្រង់ច្បាប់ស្តីពីសិទ្ធិជនមានពិការភាព។ ខ្ញុំសង្ឃឹមថា ការសន្ទនាថ្ងៃនេះ នឹងក្លាយជាការចាប់ផ្តើម នៃទំនាក់ទំនងដ៏យូរអង្វែង រវាងអូស្ត្រាលីនិងកម្ពុជា ខណៈពេលដែលយើងបាននឹងកំពុងធ្វើ កិច្ចការដ៏សំខាន់ ដើម្បីលើកកម្ពស់សិទ្ធិរបស់ ជនមានពិការភាពនៅក្នុងប្រទេស របស់យើងរៀងៗខ្លួន និងនៅក្នុងតំបន់។”
កិច្ចសន្ទនានេះបានធ្វើឡើងក្នុងបរិបទ ដែលប្រទេសកម្ពុជា បាននិងកំពុងបង្កើតច្បាប់ថ្មីមួយស្តីពី ពិការភាព ដើម្បីអនុលោមតាម កាតព្វកិច្ចនានា ក្រោមក្របខ័ណ្ឌនៃUNCRPD។ មុនកិច្ចប្រជុំនេះ ស្ថានទូត អូស្ត្រាលី និង AHRC បានផ្ដល់អនុសាសន៍ជា លក្ខណៈបច្ចេកទេសដល់ DAC អំពីការគិតគូរលើការបញ្ចូលនូវ វិធីសាស្ត្រសិទ្ធិមនុស្សជាមូលដ្ឋាន ទៅក្នុងច្បាប់ថ្មីស្ដីពីពិការភាពនេះ។
លោកបណ្ឌិត Ben Gauntlett និងឯកឧត្តម ឯម ច័ន្ទមករា ក៏បានរិះរកនូវវិធីផ្សេងៗ ដើម្បីបន្តការ សហការជាមួយគ្នាក្នុងការជំរុញ ការងារបរិយាបន្នពិការភាព និងការងារសិទិ្ធមនុស្សជាទូទៅ នៅក្នុងប្រទេស កម្ពុជា។
កាលពីឆ្នាំ ២០០៩ កម្ពុជាបានប្រកាស ដាក់ឱ្យប្រើច្បាប់ស្តីពីការការពារនិងលើកកម្ពស់សិទ្ធិជនពិការ។ បច្ចុប្បន្ននេះ ក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងដំណើរការយ៉ាងមមាញឹក ក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ថ្មីស្តីពីពិការភាព។ រដ្ឋលេខាធិការសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាជនពិការ លោក ឯម ច័ន្ទមករា មានប្រសាសន៍ថា ការរៀបចំសេចក្តីព្រាងច្បាប់ថ្មីនេះ នឹងត្រូវជំនួសឱ្យច្បាប់ចាស់ដែលមានស្រាប់។ ការរៀបចំសេចក្តីព្រាងច្បាប់ថ្មីនេះ ធ្វើឡើងស្របពេលដែលស្ថានភាព នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់កម្ពុជា កំពុងមានការវិវត្តរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា មានបានឱ្យដឹងទៀតថា ជនមានពិការភាពបច្ចុប្បន្ន កំពុងទទួលបានការការពារសិទ្ធិ ហើយត្រូវបានធានានូវ សេរីភាពយ៉ាងពេញលេញ សម្រាប់ពួកគេ។ ច្បាប់ថ្មីនេះមានគោលបំណង លុបបំបាត់ចោល ការរើសអើង ជាពិសេសការគោរពសេចក្តីថ្លៃថ្នូរ របស់ជនមានពិការភាព និងការកែលម្អបរិដ្ឋានរូបវ័ន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការ។
កិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានធ្វើឡើងជាច្រើនលើក ជាមួយដៃគូអភិវឌ្ឍន៍ ពិសេសជនមានពិការភាពនៅកម្ពុជា រួមមានកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ខណៈពេលដែលការពិភាក្សាកំពុងបន្ត ដើម្បីធានាថាច្បាប់ ស្តីពីពិការភាពថ្មីនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ទូលំទូលាយ និងអាចអនុវត្តបានផងដែរ។
រដ្ឋលេខាធិការសង្គមកិច្ច លោក ឯម ច័ន្ទមករា បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ជនពិការ៕