ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថវិកាសរុបប្រមាណ៧៥លានដុល្លារនឹងត្រូវប្រើប្រាស់សម្រាប់ លើកកម្ពស់ផ្លូវជាតិលេខ៤៨ទៅជាប្រភេទបេតុង កៅស៊ូ(AC)ឆាប់ៗនេះសំដៅរក្សាគុណភាពបានភាពយូរ អង្វែង

80

នៅ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូចុះពិនិត្យស្ថានភាពផ្លូវជាតិមួយចំនួនដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានផ្លូវថ្នល់បានគូសបញ្ជាក់ថា៖ គិតមកត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ ទំហំនៃការខូចខាតផ្លូវជាតិលេខ៤៨ពីស្រុកស្រែអំបិលទៅខេត្តកោះកុងមានប្រវែងសរុប ៣៥,៥៤ គ.ម លើប្រវែងសរុប១៥៩,៦០គ.ម ស្មើនឹង២២,២៦% ដែលក្នុងនោះរាប់បញ្ចូលទាំងកំណាត់ផ្លូវដែលបាន ធ្វើការជួសជុលកាលពីឆ្នាំ២០១៧ផងដែរ។ ការខូចខាតនេះមានការវិវឌ្ឍឆាប់គួរឱ្យកត់សម្គាល់ ដោយ ហេតុថា៖ ផ្លូវនេះគិតមកដល់ពេលបច្ចុប្បន្នមានអាយុ១២ឆ្នាំហួសរយៈពេលធានាគុណភាព ទំហំចរាចរណ៍មានការកើនឡើង ពិសេសការដឹកជញ្ជូនសម្ភារសំណងទៅមកខេត្តព្រះសីហនុផងដែរ។


ថ្លែងទៅកាន់ប្រជាពលរដ្ឋ តាមរយ:ក្រុមអ្នកសារព័ត៌មានក្នុងដំណើរចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៤៨ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ ខណៈពេលកំពុងជួសជុលថែទាំបណ្តោះអាសន្នផ្លូវនេះ ក្រសួង កំពុងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនបច្ចេកទេសដើម្បីរៀបចំដាក់ឱ្យដេញថ្លៃស្របតាមស្តង់ដាបច្ចេកទេស ក្រោមប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េប្រមាណ៦៧លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋា ភិបាលប្រមាណ៨លានដុល្លារ ដើម្បីលើកកម្ពស់គុណភាពទៅជាផ្លូវបេតុងកៅស៊ូACទាំងស្រុងសំដៅ រក្សាបានភាពយូរអង្វែង អាចទ្រទម្ងន់បានប្រសើរជាងមុន និងចូលរួមចំណែក ក្នុងការសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត។

ជាមួយគ្នានេះផងដែរ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងឡាយ ក៏ដូចជាអ្នកប្រើប្រាស់កំណាត់ផ្លូវនេះ សូមមានការអត់ធ្មត់ និងយោគយល់អធ្យាស្រ័យចំពោះការធ្វើដំណើរដោយលំបាកលើកំណាត់ផ្លូវនេះ និងបានបញ្ជាក់ថា៖ ក្រសួងបានដឹងទាំងអស់អំពី ស្ថានភាពខូចខាតផ្លូវក្នុងរដូវភ្លៀងឆ្នាំនេះ រង់ចាំតែរដូវភ្លៀងកន្លងផុត ក្រសួងនឹងចាប់ផ្តើមចាត់វិធានការ ជួសជុលឡើងវិញជាអាទិភាព៕

អត្ថបទដែលជាប់ទាក់ទង