ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាមេបញ្ជាការ មេបញ្ជាការរង និងមេប៉ុស្តិ៍ ដែលសមគំនិត ឃុបឃិតគ្នា ជាមួយជនជាតិវៀតណាម បើកផ្លូវឲ្យចូលមកកាប់ឈើ ក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូន យកទៅវៀតណាម

63

 

ខេត្តមណ្ឌលគិរី ៖ ក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចុះស្រាវជ្រាវស៊ើបអង្កេត ករណីបទល្មើសព្រៃឈើបានកើតឡើង នៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជាមេបញ្ជាការ មេបញ្ជាការរង មេប៉ុស្តិ៍នគរបាលការពារព្រំដែន ដែលមានការសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវ ឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម។

អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខភម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងក្រុមការងាររបស់គណៈកម្មការជាតិ ដែលមានសមាសភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនគរបាលជាតិ តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការជាមួយក្រុមការងារថ្នាក់ខេត្តដឹកនាំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដែលមានការសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាម បើកផ្លូវឲ្យចូលមកកាប់ឈើ ក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម និងដកហូតវត្ថុតាងឈើចំនួន២៥២កំណាត់ គ្រឿងចក្រនិងត្រាក់ទ័េ២គ្រឿ ម៉ូតូ២គ្រឿង និងរណារយន្ត១។

បច្ចុប្បន្នបានកសាងសំណុំរឿង ចោទប្រកាន់ជនសង្ស័យចំនួន៤នាក់ មានឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២, ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច, ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច និងឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច និងវត្ថុតាងរួមមាន ឈើមូលប្រភេទស្រឡៅ សុក្រមចំនួន២៥២កំណាត់ ត្រាក់ទ័រ២គ្រឿង ម៉ូតូ២គ្រឿង រណារយន្ត១គ្រឿង បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ដើម្បីអនុវត្តនីតិវីធី។ ចំណែកក្រុមការងាររបស់ គណៈកម្មការជាតិបន្តរុករកគល់ឈើដែលបានកាប់បំផ្លាញ និងវត្ថុតាង មុខសញ្ញាពាក់ព័ន្ធទាំងអស់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

 

អត្ថបទដែលជាប់ទាក់ទង