រដ្ឋបាលខណ្ឌកំបូល បន្តចុះអប់រំដល់ ម្ចាស់ បើកអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ជាង១០ទីតាំង នៅតាមដងស្ទឹងព្រែកត្នោត ក្នុងសង្កាត់បឹងធំ ឲ្យគោរព្ធតាមវិធានការរបស់ក្រសួងសុខាភិបាល
ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដល់រដ្ឋបាលខណ្ឌទាំងអស់ ឱ្យបន្តយកចិត្តទុក ដាក់ពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាលទៅលើវិធានការ ៣ការពារ ៣កុំ អោយបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់ និងកាត់ផ្ដាច់ការរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងសហគមន៍រាជធានីភ្នំពេញ ។
នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រុមការងាររបស់រដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក សេង គន្ធ អភិបាលរងតំណាងលោក ឃឹម ស៊ុនសូដា អភិបាល ខណ្ឌកំបូល បានដឹកនាំកម្លាំង ចុះអប់រំ ពិនិត្យមើលដំណើរការ អាជីវកម្មរបស់បងប្អូនថា តើបានអនុវត្តត្រឹមត្រូវតាមការណែនាំ របស់អភិបាលរាជ ធានីភ្នំពេញហើយឬនៅ និងណែនាំដល់បងប្អូនអាជីវករ ដែលជាម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ដែលមិនទាន់បានអនុវត្តបានត្រឹមត្រូវ នៅតាមដងស្ទឹងបឹងធំ នៃសង្កាត់បឹងធំ ខណ្ឌកំបូល ឱ្យចូលរួមយកចិត្តទុកដាក់ គិតគូរពីសុវត្ថិភាពរបស់ភ្ញៀវជាពិសេសត្រូវមានឧបករណ៍វាស់កំដៅ QR code ដាក់សាប៊ូឬអាកុលឲ្យភ្ញៀវលាងដៃ នឹងរក្សាគម្លាតឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក សេង គន្ធ បានណែនាំឱ្យម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានទាំងនោះ ត្រូវមានឧបករណ៍ឬសម្ភារៈ ការពារសុវត្ថិភាពដល់ភ្ញៀវឲ្យបាន គ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 នៅក្នុងសហគមន៍ បើមិនអនុវត្តតាមទេរដ្ឋបាលខណ្ឌកំបូល និងចាត់មន្ត្រីរបស់ខ្លួនឱ្យចុះល្បាត មើលជារៀងរាល់ថ្ងៃ បើរកឃើញថាមានម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានណាមួយមិនធ្វើតាម នោះរដ្ឋបាលខណ្ឌ នឹងផ្អាកជាបណ្ដោះអាសន្ននូវ អាជីវកម្មរបស់បងប្អូនទាំងនោះ។
លោកអភិបាលរងក៏បានជម្រាប ជូនប្រជាពលរដ្ឋទាំងនោះផងដែរអំពីស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងតែបន្តរីករាលដាលយ៉ាងខ្លាំង នៅក្នុងសហគមន៍របស់យើង ធ្វើឲ្យមានអ្នកឆ្លងនិងអ្នកស្លាប់ ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក សេង គន្ធ បានជម្រាបជូនទៀតថា ជំងឺកូវីដអាចផុតរលត់ទៅបាន ទាល់តែមានការចូលរួម ពីយើងគ្រប់រូប យើងអាចភ្លេចជំងឺកូវីដ តែជំងឺកូវីដ១៩ មិនភ្លេចយើងឡើយ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំតាម ប្រព័ន្ធវីដេអូ ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការអនុវត្តវិធាន របស់ក្រសួងសុខាភិបាល ឱ្យម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ហើយក្រៅពីមិន អនុញ្ញាតឱ្យបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណជាដើមហើយ នោះ ក៏មិនអនុញ្ញាតឱ្យមានការជួបជុំគ្នាពពាក់ ពពូន ផឹកស៊ីនៅតាមទីសាធារណៈនោះដែរ។ អ្នកដែលប្រព្រឹត្តិករណីនេះ ត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច យកមកអប់រំ និងផ្សព្វផ្សាយព័ត៌មាន ជាសាធា រណៈឱ្យបានច្រើនថែមទៀត ៕. សំរិត