ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ហាមឃាត់ផ្សព្វផ្សាយ និងលក់ឱសថបុរាណចិន LIANHUA QINGWEN JIAONANG ខុសច្បាប់

51

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្ដីពីការហាមឃាត់ផ្សព្វផ្សាយ និងលក់ឱសថបុរាណចិន LIANHUA QINGWEN JIAONANG ខុសច្បាប់។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់ សាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញ មានគណនីបណ្តាញសង្គមហ្វេសប៊ុក (Facebook) ចំនួន ៨ ឈ្មោះ ៖ ១-Global Products ២-សុខភាពប្រចាំថ្ងៃ ៣-Online Shop ៤-JHRWS ៥-ឱសថបុរាណចិន-Lianhua Qingwen Capsule ៦-R&N Supply ៧-999 online shop ៨-Morakotលក់អាកុលសុទ្ធ1០០% និងគណនីផ្សេងៗមួយចំនួនទៀត រួមទាំងឱសថស្ថាន ឱសថស្ថានរង អគារលក់ ឱសថបុរាណមួយចំនួន កំពុងផ្សព្វផ្សាយ និងលក់ឱសថបុរាណចិន LIANUA QINOWEN AONANG គ្មានលេខបញ្ជិកា និងគ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ ព្រមទាំងកំពុងផ្សព្វផ្សាយ ភូតកុហក បោកប្រាស់ និងបំផ្លើសហួសពីការពិត ដោយគ្មានមូលដ្ឋាន វិទ្យាសាស្ត្រត្រឹមត្រូវ ថាអាចព្យាបាលជំងឺកូដ-១៩បានជាដើម…។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការលក់ឱសថ ឬឱសថបុរាណ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល ហើយតម្រូវឱ្យលក់នៅក្នុងឱសថស្ថាន ឱសថស្ថានរង និងអគារលក់ឱសថបុរាណ ស្របច្បាប់តែប៉ុណ្ណោះ។ ដូច្នេះ សូមប្រជាពលរដ្ឋមុន នឹងទិញឱសថ ឬ ឱសថបុរាណគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកា ដែលមានបិទលើសំបកវេចខ្ចប់ត្រឹមត្រូវគឺមាន ២ផ្នែក ១-ផ្នែក ខាងលើមានឈ្មោះគ្រឹះស្ថាន អាហរ័ណនីហរ័ណ ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាលសូមជម្រាបជូន ដល់សាធារណជនជ្រាបថា បន្ទាប់ពីក្រសួងសុខាភិបាល បានទិញឱសថ ផលិតផល បំប៉នសុខភាព ឬឱសថបុរាណ ដែលលក់តាមប្រព័ន្ធអនឡាញ មកធ្វើការត្រួតពិនិត្យគុណភាព បានពិនិត្យឃើញថា ផលិតផលទាំងនោះ ភាគច្រើនពុំអាចធានាបាននូវគុណភាពបានឡើយ គឺជាផលិតផលមានគុណភាពមិនត្រឹមត្រូវ ឬក្លែងក្លាយទៀតផង។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការទិញ ឱសថបុរាណចិន LANHUA QINGWEN JAGNANG ក៏ដូចជាឱសថបុរាណ ឬឱសថផ្សេងៗទៀត ដែលលក់តាមអនឡាញគ្រប់ប្រភេទ ដោយត្រូវទិញឱសថ ឬឱសថបុរាណ ដែលគ្មានលេខទិិដ្ឋាការ ឬបញ្ជិកាត្រឹមត្រូវពីតាមឱសថស្ថាន ឱសថស្ថានរង ឬអគារលក់ឱសថបុរាណស្របច្បាប់។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ និងគណនីផ្សេងៗទៀត ដែលបាននិងកំពុងនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ ឱសថបុរាណចិនខាងលើ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនសាធារណជន ត្រូវការព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង