ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រៀមទទួលពលករខ្មែរ ដែលបានចូលមក កាន់តែច្រើនឡើងនៅច្រកទ្វារអូរបីជាន់ បន្ទាប់ពីមានការរាលដាល ជំងឺកូវីដ១៩នៅប្រទេសថៃ

409

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តមហ៊ុន ម៉ានិត រៀបចំគោលការណ៍អនុវត្ត វិធានការត្រៀមទទួលពលករខ្មែរដែល បានចូលមកកាន់តែច្រើនឡើងបន្ទាប់ពីមានការរាលដាលជំងឺកូវីដ១៩នៅប្រទេសថៃ ។

នៅថ្ងៃអាទិត្យទី២៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួបពិភាក្សាការងារ ជាមួយ ឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក នៅបរិវេណច្រកទ្វារអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម ហ៊ុន ម៉ានិត និងប្រតិភូអនុគណៈកម្មាការ បានអញ្ជើញពិនិត្យមើលទីតាំងនៃការគ្រប់គ្រង ការពិនិត្យ យកសំណាកបងប្អូនពលករ ដែលក្រុមការងារចម្រុះខេត្ត បាននឹងកំពុងបំពេញបេសកកម្មការងារ ដើម្បីប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ១៩ ។
បានបន្តកិច្ចប្រជុំពិភាក្សាការងារ ជាមួយអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធជាគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងគោលបំណងពិនិត្យលើស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងតម្រូវការចាំបាច់បន្ថែម សំដៅធ្វើយ៉ាងទប់ស្កាត់ឲ្យខាងតែបាននូវការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ឯកឧត្តម ហ៊ុន ម៉ានិត បានលើកជាអនុសាសន៍មួយចំនួនជូនរដ្ឋបាលខេត្ត ដើម្បីយកមករៀបចំជាគោលការណ៍អនុវត្តចំពោះមុខ ក្នុងនោះផ្តោតសំខាន់លើវិធានការត្រៀមទទួលពលករខ្មែរដែលបានចូលមកកាន់តែច្រើនឡើង ជាពិសេសក្នុងការអនុវត្តគោលការណ៍ថ្មីដែលតម្រូវឲ្យធ្វើតេស្តរហ័សលើគ្រប់ពលករដែលបានឆ្លងដែនចូលមក និងការធ្វើចត្តាឡីស័កនៅនឹងកន្លែង។

ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានស្នើឲ្យរដ្ឋបាលខេត្ត រៀបចំផែនការសកម្មភាព និងរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក ក៏ដូចជាលើកសំណើពាក់ព័ន្ធនឹងតម្រូវការសម្ភារ បរិក្ខារបច្ចេកទេសដាក់ជូនគណៈកម្មការ និងអនុគណៈកម្មការថ្នាក់ជាតិដើម្បីជាយន្តការគាំទ្រដល់រដ្ឋបាលខេត្ត៕

អត្ថបទដែលជាប់ទាក់ទង