ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដកហូតសត្វតោ១ក្បាល ដែលជនជាតិចិន បានចិញ្ចឹមនៅក្នុងផ្ទះ

144

 

ភ្នំពេញ ៖ ក្រសួងបរិស្ថានសូមកោតសរសើរ ចំពោះក្រុមការងារអនុវត្តច្បាប់ចម្រុះ ដែលបានចុះដកហូតសត្វតោមួយក្បាល ដែលជាប្រភេទសត្វកម្រ ដើម្បីយកទៅឱ្យអ្នកជំនាញថែរក្សាការពារបន្ត។ យោងតាមច្បាប់ ពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃ ដែលជាប្រភេទសត្វកម្រនោះទេ។ ច្បាប់ស្តីពីព្រៃឈើមាត្រា ៤៩ ចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់ ហើយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា ៥៨ ការនាំចូល នាំចេញនូវប្រភេទសត្វ រុក្ខជាតិនិង គ្រាប់រុក្ខជាតិត្រូវស្នើសុំច្បាប់អនុញ្ញាត។

ក្រសួងបរិស្ថាន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សានិងអភិរក្សសត្វព្រៃ និងកុំព្យាយាមចាប់សត្វកម្រៗមកចិញ្ចឹម នៅតាមផ្ទះដែលជាសកម្មភាព ខុសច្បាប់ គួរទុកសត្វទាំងនោះឱ្យនៅរស់ នៅក្នុងព្រៃធម្មជាតិ ដើម្បីបង្កើនការបន្តពូជ បង្កើនចំនួន ប្រភេទសត្វកម្រៗ។

អាជ្ញាធរចម្រុះបានចុះធ្វេីការដកហូតយក សត្វតោឈ្មោលរស់មួយក្បាល ពីជនជាតិចិនដែលបានចិញ្ចឹមដោយខុសច្បាប់ នៅក្នុងលំនៅដ្ឋានរបស់ខ្លួន។ ក្នុងកិច្ចសហប្រតិបត្តិការ ចុះដកហូតសត្វតោ ដែលជាប្រភេទសត្វព្រៃកម្រនេះ ដឹកនាំដោយ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ សហការជាមួយ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួម ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។

ប្រតិបត្តិការចុះដកហូតសត្វតោនោះ ធ្វេីឡេីងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ដែលជនជាតិចិន បានចិញ្ចឹមសត្វតោឈ្មោលមួយក្បាល ជាប្រភេទសត្វព្រៃនៅ ក្នុងផ្ទះដោយខុសច្បាប់។ ដូចនេះនាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ បានប្រាប់ឱ្យដឹងថា ដោយសារមាន ប្រជាពលរដ្ឋជិតខាង បានរាយការណ៍ ប្រាប់អំពីការចិញ្ចឹមសត្វតោ នៅក្នុងផ្ទះវីឡាខាងលេីពី សំណាក់បុរសជនជាតិចិន ទេីបអាជ្ញាធរសហការ ជាមួយអាជ្ញារមូលដ្ឋាន ចុះធ្វេីការស្រាវជ្រាវ ឈានដល់ការចុះដកហូត យកសត្វតោឈ្មោលមួយក្បាលនោះ ដេីម្បីបញ្ជូនទៅថែរក្សាទុក ៕

អត្ថបទដែលជាប់ទាក់ទង