ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលក្លែងបន្លំជានគរបាល ត្រូវនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់

142

 

ភ្នំពេញ ៖ បុគ្គលឈ្មោះ សៅខូ ច័ន្ទសូឡារ ក្លែងបន្លំជានគរបាល ត្រូវការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីបញ្ចប់ការសួរនាំ ក្រោយទទួលបានជនសង្ស័យ ពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជនសង្ស័យរូបនេះ បានក្លែងអត្តសញ្ញាណប័ណ្ណនគរបាលជាតិ (លួចបន្លំអត្តលេខ), ក្លែងប្រកាសក្រសួងមហាផ្ទៃ ស្ដីពីការតម្លើងឋានន្ដរស័ក្ដិមន្ដ្រីនគរបាលជាតិ និងប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិដោយខុសច្បាប់, ក្លែងបន្លំលិខិតបេសកកម្ម របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ដាក់តួនាទីជា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, ក្លែងបន្លំលិខិតបេសកកម្មរបស់ នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, ប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមជម្រាបជូនថា ជនសង្ស័យរូបនេះ ត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ខ្លួននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ និងបានប្រគល់មក កាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបន្ដសួរនាំ និងចាត់ការតាមនីតិវិធី។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា សមត្ថកិច្ចចាប់ខ្លួនជនល្មើសក្លែង ស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ក្លែងឯកសាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកសាររបស់ក្រសួងមហាផ្ទៃ និងក្លែងខ្លួនជានាយករង នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
បន្ទាប់ពីបានទទួលព័ត៌មានពីលោកវរសេនីយ៍ អ៊ឹង សុភ័ក្ត្រ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក មានសង្ស័យមានជនម្នាក់ក្លែងបន្លំខ្លួន ជានាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨និង០៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅចាប់ខ្លួនជនល្មើស នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈ LHR និងចំណុចផ្ទះលេខ១២០បេ ភូមិចំកាឱឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លទ្ធផល ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សៅខូ ចន្ទ័សូឡារ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។
វត្ថុតាងចាប់យកបាន: អាវុធខ្លី ១ដើម ម៉ាកTACTICAL23 លេខ WET5168 និងបង់ចំនួន ២(កាំភ្លើងហ្គាស), គ្រាប់អាវុធប្រភេទ 9mm ចំនួន ១២គ្រាប់ ខ្នោះដៃ ចំនួន ១គូ វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡាចំនួន ១គ្រឿង ស្រោមអាវុធខ្លី ចំនួន ៤ស្រោម កាតនគរបាលជាតិក្លែងក្លាយចំនួន ២សន្លឹក ស័ក្តិថ្នាក់វរសេនីយ៍ទោ ១គូ កាតនគរបាលព្រហ្មទណ្ឌក្លែងក្លាយ ចំនួន ២សន្លឹក មួកនគរបាលជាតិថ្នាក់វរសេនីយ៍ចំនួន ២ និងថ្នាក់អនុសេនីយ៍ ១ ឯកសណ្ឋាននគរបាលជាតិចំនួន ៦កំប្លេ ឯកសារក្លែងក្លាយ មានលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃ. របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងរបស់នាយកដ្ឋានព្រហ្មទណ្ឌ មួយចំនួនធំ ប្រអប់ដាក់អាវុធខ្លីម៉ាក CZ ចំនួន១ ម៉ាស៊ីនកាត់កាត ចំនួន ១គ្រឿង អាវក្រោះការពារគ្រាប់ចំនួន ១អាវ អាវកាក់ពាក់ពីលើឯកសណ្ឋាននគរបាលជាតិចំនួន១ កាបូបដាក់សម្ភារៈចំនួន ៣
ស្បែកជើងកវែងចំនួន ១គូ ។

ក្រោយបញ្ចប់ការសួរនាំ និងកសាងសំណុំរឿងចប់សព្វគ្រប់ ជនសង្ស័យត្រូវបានកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង