អភិបាលខេត្តកណ្ដាល ចូលរួមក្នុងពិធីខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ឆ្នាំ២០២១
កណ្ដាល៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចូលរួមក្នុងពិធីខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា៖ ការប្រារព្ធពិធីនេះឡើងគឺដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និង ប្រជាជន រាជ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៣១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ កំណត់យកថ្ងៃទី២១ មិថុនា ជាទិវាអតីតយុទ្ធជនកម្ពុជា ដែលត្រូវប្រារព្ធជារៀងរាល់ឆ្នាំ។ ការរំឭកដល់វីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជម្រុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន កង កម្លាំងប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បីប្រែក្លាយយុវជនឱ្យសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិមោះមុតរឹងមាំ និងមានសេចក្តីថ្លៃថ្នូរ។ នេះជាពលីកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិប្រជាជនកម្ពុជាយើង។
លោក គង់ សោភ័ណ្ឌ បន្តទៀតថា
ក្នុងទិវានេះដែរក្នុងនាម រដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមលំឱនកាយគោរព ចំពោះដួងវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជា ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និង ប្រជាជន និងសូមផ្តាំផ្ញើនូវការសួរសុខទុក្ខ ប្រកបដោយក្តីស្រាលាញ់ដ៏ជ្រាលជ្រៅជូនចំពោះបងប្អូន អតីតយុទ្ធជនគ្រប់រូប និងគ្រប់ក្រុមគ្រួសាររបស់បងប្អូន ដែលបាននឹងកំពុងបន្តចូលរួមយ៉ាង សស្រាក់សស្រាំ ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ៕