ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រំលោភសម្លាប់នារីកាស៊ីណូម្នាក់ នៅក្រុងបាវិត តុលាការខេត្តស្វាយរៀង ផ្តន្ទាទោស អ្នករត់តាក់ស៊ី២នាក់ ជាប់គុកអស់មួយជីវិត

96

ស្វាយរៀង៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ តុលាការខេត្តស្វាយរៀង បានប្រកាសផ្តន្ទាទោសបុរសអ្នករត់តាក់ស៊ីចំនួន២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងឃាតកម្ម រំលោភសម្លាប់នារីបុគ្គលិកកាស៊ីណូម្នាក់កាលពីជាង១ឆ្នាំមុន នៅក្រុងបាវិត ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ជនជាប់ចោទទាំង២នាក់រួមមាន៖ ទី១ឈ្មោះ ឆឺយ សុជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងទី២ឈ្មោះ ផ្លេក មុន្នី អាយុ៣២ឆ្នាំ។ ដោយឡែកនារីរងគ្រោះឈ្មោះ សុវណ្ណ សុម៉ាលីន អាយុ១៨ឆ្នាំ ស្រុកកំណើតខេត្តត្បូងឃ្មុំ។ ជនដៃដល់ទាំង២នាក់ បានបានរំលោភសម្លាប់ជនរងគ្រោះ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ និងបានបោះសពចោលក្នុងទឹកស្រែ ហើយត្រូវបានពលរដ្ឋប្រទះឃើញ នៅ២ថ្ងៃបន្ទាប់ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

នៅព្រឹកថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០១៨ ដូចអ្វីដែលបានគ្រោងទុកតាមតារាងកម្មវិធី ដោយគ្មានពន្យារពេលទៀតនោះ អង្គជំនុំជម្រះ របស់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ក្នុងរឿងក្តីតាក់ស៊ីបាវិត២នាក់ រំលោភសម្លាប់នារីបុគ្គលិកកាស៊ីណូជាភ្ញៀវ កាលពីជាង១ឆ្នាំមុន។ គេសង្កេតឃើញនៅក្រៅរបងតុលាការមានអ្នកសារព័័ត៌មាន និង ប្រជាពលរដ្ឋជាច្រើនកំពុងតែឃ្លាំមើលទិដ្ឋភាពនេះ តែដោយខ្លាចមានបាតុភាពអី្វកើតឡើង សមត្ថកិច្ចក៏រៀបចំសណ្តាប់ធ្នាប់ ក្នុងការការពារកុំឲ្យកើតមានរឿងរ៉ាវជាយថាហេតុណាមួយ។ នៅក្រៅបន្ទប់សវនការ មានគ្រួសារជនរងគ្រោះ និង ជនល្មើសមួយចំនួន ដែលសល់ពីក្នុងសាលជំនុំជម្រះ កំពុងរងចាំស្តាប់លទ្ធផលយ៉ាងអន្ទះសារ។

ក្រោយបើកការជំនុំជម្រះអស់រយៈពេលពេញមួយថ្ងៃ លទ្ធផលចុងក្រោយជនជាប់ចោទទាំងពីរ ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាត់ទោសឱ្យជាប់គុកមួយជីវិតដូចគ្នា។ លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានមានប្រសាសន៍ឱ្យដឹងថា ជនត្រូវចោទទាំងពីរនាក់នេះត្រូវ៖ ទី១ មានទោសមួយជីវិតដូចគ្នា ទី២ ត្រូវសងរដ្ឋប្បវេណីជំងឺចិត្ត ដល់គ្រួសារជនរងគ្រោះចំនួន៦ម៉ឺនដុល្លារ ទី៣ ត្រូវរឹបអូសយករថយន្ត ដែលបង្កបទល្មើស ដាក់ជាសម្បត្តិរដ្ឋ ដោយបើកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍៕

អត្ថបទដែលជាប់ទាក់ទង