ក្តាន់ញ៉ែង ជាថនិកសត្វដែលមានមាឌតូចជាងគេ ក្នុងត្រកូលសត្វក្រចកជំពាម ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN
ភ្នំពេញ ៖ ក្តាន់ញ៉ែង ឬផ្ចងតូច ដែលជាថនិកសត្វដែលមានមាឌតូចជាងគេ ក្នុងត្រកូលសត្វក្រចកជំពាម និងគ្មានស្នែង (ទម្ងន់ខ្លួនប្រមាណ ២គីឡូក្រាម) ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្ស នៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។
នៅក្នុងប្រទេសកម្ពុជា សត្វក្តាន់ញ៉ែង មានវត្តមានរស់នៅស្ទើរគ្រប់តំបន់ការពារធម្មជាតិ វាមានវត្តមាននៅតាមវាលស្មៅផងដែរ នៅតំបន់ឥណ្ឌូចិន និងកោះបរណេអូ។ យោងតាមទិន្នន័យដែលទទួលបានពីម៉ាស៊ីថតស្វ័យប្រវត្តិ របស់ក្រុមការងារក្រសួងបរិស្ថាននាពេលថ្មីៗនេះ ក្តាន់ញ៉ែងបានបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា ក្តាន់ញ៉ែង ស្ថិតនៅក្នុងក្រុមសត្វមានដោយបង្គួរ ហើយសត្វប្រភេទនេះងាយរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ឬការបណ្តើរសត្វឆ្កែទាក់ចាប់ ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារសត្វព្រៃស៊ីសាច់ជាអាហារ។
លោកបានបន្តថា ក្តាន់ញ៉ែងតូចជាសត្វចូលចិត្តរស់នៅតែឯង និងជាគូនៅរដូវបន្តពូជ។ វាជាសត្វរាត្រីចរ។ ក្តាន់ញ៉ែងតូចជាចំណី របស់សត្វត្រកូលខ្លាមានដូចជាខ្លាពពក ខ្លាលឿងមាស ខ្លាភ្ញីថ្មកែវ ជាដើម។
យោងតាមការសិក្សាមួយដឹកនាំដោយលោក Thomas E. Gray ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០១៨ ស្តីពីការគណនាដង់ស៊ីតេរបស់ សត្វក្តាន់ញ៉ែងតូច នៅក្នុងឧទ្យានជាតិក្រវ៉ាញខាងត្បូង បានបង្ហាញថា ដង់ស៊ីតេរបស់វាមានជាមធ្យម ៨១ក្បាល (ចន្លោះពី ៥៧-៩៨) ក្នុងមួយគីឡូម៉ែតក្រឡា ហើយក្តាន់ញ៉ែងតូចធ្វើសកម្មភាពច្រើននៅចន្លោះពីម៉ោង៥-៨ព្រឹក និងចន្លោះពីម៉ោង ៥-៧ល្ងាច។ ក្តាន់ញ៉ែងជាថនិកសត្វ ដែលមានមាឌតូចជាងគេក្នុងត្រកូលសត្វក្រចកជំពាម និងគ្មានស្នែង។
នៅលើដងខ្លួនពាសទៅដោយរោមពណ៌ត្នោត និងមានឆ្នូតស ៣ជួរនៅក្រោមក។ ជើងមានទំហំធំជាងម្រាមដៃមនុស្សពេញវ័យបន្តិច និងមានជើងក្រោយវែងជាងជើងមុខ។ ផ្នែកខាងក្រោមនៃដងខ្លួនមានពណ៌ស ឬព្រលែត។
ចំពោះជីវៈសាស្ត្រ សត្វក្តាន់ញ៉ែង ជាសត្វរស់នៅតែឯកឯង លើកលែងតែក្នុងរដូវបន្តពូជ ទើបវារស់នៅជាគូ។ ជម្រកដ៏ល្អប្រសើរនៃសត្វនេះ គឺចូលចិត្តរស់នៅតាមរន្ធឈើ ក្រហែងថ្ម វាអាចរស់នៅតាមព្រៃឈើញឹក ចង្អៀត ឬព្រៃឫស្សីដែលត្រជាក់ហើយងងឹត។ វាជាសត្វរាត្រីចរ ចំណីអាហាររបស់វា គឺពន្លករុក្ខជាតិ ត្រួយ ស្លឹកឈើ ផ្កា ផ្លែឈើ និងទំពាំងឫស្សី។
ជាធម្មតា សត្វនេះធ្វើចលនាលោតត្រឹកៗ ផ្លោះយ៉ាងរហ័សនៅពេលមានអាសន្ន តែក្រោយពីរត់បានបន្តិច តែងតែឈប់ញឹកញាប់ ហើយពិនិត្យមើលស្ថានភាពជុំវិញខ្លួនវា។ ក្នុងការទាក់ទងគ្នា ក្តាន់ញ៉ែងតូចតែងគោះជើងក្រោយលើដី ឬអង្គត់ឈើយ៉ាងរហ័ស ជាសញ្ញាសម្គាល់។ សត្វនេះមានសមត្ថភាពខ្ពស់ ក្នុងការបង្កើតកូន ក្រោយពីបានពពោះរយៈពេល ១៥០-១៧០ថ្ងៃ បង្កើតកូនបានមួយ ជួនកាលអាចភ្លោះតែមានដោយកម្រ។
ទាក់ទងនឹងការអភិរក្សសត្វព្រៃ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទោះបីជាក្តាន់ញ៉ែង ស្ថិតក្នុងក្រុមប្រភេទសត្វដែល មានដោយបង្គួរក្នុងតំបន់ការពារធម្មជាតិ តែចាំបាច់ត្រូវតែបង្កើន ការយកចិត្តទុកដាក់ការពារនិងអភិរក្សដូចប្រភេទសត្វផ្សេងៗទៀតដែរ។ សត្វព្រៃជាសម្បត្តិធម្មជាតិ ដែលមានតម្លៃមិនអាច កាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជា និងមានតម្លៃបំផុតសម្រាប់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។
ក្រសួងបរិស្ថាន បានរៀបចំនូវផែនការយុទ្ធសាស្ត្រផ្សេងៗដើម្បីការពារ និងអភិរក្សសត្វព្រៃនៅកម្ពុជា ដោយផ្តោតសំខាន់លើ ការការពារព្រៃឈើដែលជាទីជម្រក កន្លែងចំណីអាហារ និងប្រភពទឹកព្រោះកត្តាទាំងនេះ សំខាន់ណាស់សម្រាប់ការរស់នៅរបស់សត្វព្រៃ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ដោយសារតែការការពារ និងអភិរក្សធនធានធម្មជាតិ មានភាពល្អប្រសើរ សត្វព្រៃជាពិសេសប្រភេទ កម្រខ្លះមានចំនួនកើនឡើង ប្រភេទមួយចំនួនមានចំនួនស្ថេរភាព និងប្រភេទសត្វខ្លះបន្តធ្លាក់ចុះដែលក្រសួង និងស្ថាប័នពាក់ព័ន្ធ នឹងខិតខំបន្តទៀត៕