ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង លើកឡើង អំពីកិច្ចសហប្រតិបត្តិការ មួយចំនួនដែលភាគីកម្ពុជា និងស៊ុយអែត ត្រូវបន្តជាមួយគ្នាទៀត

134

ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម ប្យ៊ន ហេម៉ាក ឯកអគ្គរាជទូតស៊ុយអែត ក្នុងឱកាសឯកឧត្តមនឹងត្រូវ បញ្ចប់អាណត្តិការទូតនៅកម្ពុជា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប្យ៊ន ហេម៉ាក បានជម្រាបជូនសម្ដេចអំពីការងារពាក់ព័ន្ធ នឹងការបញ្ចប់តួនាការទូតរបស់ឯកឧត្តមនៅកម្ពុជា ទន្ទឹមគ្នានឹងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងប្រព័ន្ធហិរញ្ញវត្ថុ ដែលតម្រូវឱ្យស្ថានទូតស៊ុយអែត ប្រចាំនៅកម្ពុជាបិទជាផ្លូវការនៅខែធ្នូខាងមុខនេះ។

ឯកឧត្តមបន្តថាទោះបីជាមានការបិទស្ថានទូត ប៉ុន្តែប្រទេសស៊ុយអែតនៅតែបន្តមាន កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការងារឧត្តមសិក្សា ស្រាវជ្រាវ និងវប្បធម៌ ហើយថាការងារបន្តនឹងទទួល អនុវត្តដោយស្ថានទូតស៊ុយអែត នៅទីក្រុងបាងកក ប្រទេសថៃ។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានសម្ដែងការកោតសរសើរវិធានការរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ-១៩ ជាពិសេសការខិតខំ អនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងការបង្ការទប់ស្កាត់ការឆ្លងជំងឺនេះ នៅក្នុងពន្ធនាគារ។

ឯកឧត្តម ក៏បានលើកឡើងអំពីសំណូមពរ២ដល់កម្ពុជា ទី១ គឺស្នើបង្កើតកុងស៊ុលកិត្តិយស ដោយឯកឧត្តម បានបន្តថាបច្ចុប្បន្ន ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក កំពុងរង់ចាំការយល់ព្រមពីភាគីកម្ពុជា ដើម្បីបង្កើតជាស្ថានកុងស៊ុលកិត្តិយស ដើម្បីសម្រួលដល់ ប្រជាពលរដ្ឋស៊ុយអែត ដែលកំពុងមានវត្តមាននៅកម្ពុជា។

សំណើរទី២ វិញ ឯកឧត្តមបានជម្រាបជូនថាប្រជាពលរដ្ឋស៊ុយអែត នៅកម្ពុជាមានការលំបាក ក្នុងការបន្តទិដ្ឋាការរបស់ខ្លួន ដោយសារលិខិតឆ្លងដែន ជិតផុតកំណត់ ហើយស្ថានទូតនៅកម្ពុជា មិនអាចទទួលសំណើរធ្វើលិខិតឆ្លងដែនបាន ដោយតម្រូវឱ្យពួកគេត្រូវធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីដាក់សំណើរស្នើសុំលិខិតឆ្លងដែនថ្មី ប៉ុន្តែត្រូវជួបឧបសគ្គដោយសារជំងឺកូវីដ-១៩។

ឯកឧត្តមបានជម្រាបជូនសម្ដេចថា ជាដំណោះស្រាយ ស្ថានទូតស៊ុយអែត នៅកម្ពុជាបានអនុវត្តវិធានការ បណ្ដោះអាសន្នដោយដាក់ចេញទម្រង់លិខិតឆ្លងដែនថ្មីជូនពួកគាត់។  ឯកឧត្តមស្នើសុំភាគីកម្ពុជា ពិនិត្យលទ្ធភាពអនុញ្ញាត បន្តទិដ្ឋាការស្នាក់នៅដល់ពលរដ្ឋស៊ុយអែត ដោយទទួលនូវទម្រង់លិខិតឆ្លងដែនថ្មី ដែលបានចេញជាបណ្ដោះអាសន្ននេះ។

ឆ្លើយតបនឹងសំណើរទី១ របស់ឯកឧត្តមឯកអគ្គរាជទូត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងពិនិត្យ និងធ្វើការលើរឿងនេះ ហើយពាក់ព័ន្ធនឹងសំណើរទី២ សម្ដេចបានបន្តថា នឹងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងធ្វើការងារនេះ ជាមួយសហការីដើម្បីឆ្លើយតបទៅស្ថានទូត។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ មួយចំនួនដែលភាគីកម្ពុជា និងស៊ុយអែត ត្រូវបន្តជាមួយគ្នាទៀត គឺការងារកំណែទម្រង់ថ្នាក់ក្រោមជាតិ និងការអនុវត្តច្បាប់ផ្នែកនគរបាល ដូចជាការប្រយុទ្ធប្រឆាំង បទល្មើសឆ្លងដែនជាដើម។

សម្ដេចបានមានប្រសាសន៍ ថា កន្លងមកស៊ុយអែត បានចូលរួមក្នុងការងារកំណែទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិនៅកម្ពុជា ហើយថាស៊ុតអែត ជាប្រទេសមានបទពិសោធន៍ ច្រើនលើការងារកំណែទម្រង់នេះ ពិសេសសម្ដេចផ្ទាល់ក៏បានអញ្ជើញ ទស្សនកិច្ចផ្ទាល់នៅប្រទេស៊ុយអែត ដើម្បីស្វែងយល់លើការងារ កំណែទម្រង់នេះផងដែរ។

សម្ដេចបានបន្តថាសម្រាប់កម្ពុជា ទោះគោលដៅកំណែទម្រង់ មិនទាន់សម្រេចបានទាំងស្រុង ប៉ុន្តែបានបោះជំហ៊ានទៅមុខជាប្រចាំ និងទទួលបានលទ្ធផលតាមការរំពឹងទុក ជាក់ស្ដែងកម្ពុជាកំពុង រៀបចំដាក់ចេញផែនការ១០ឆ្នាំ ដំណាក់កាលទី២ជុំវិញ ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ចំពោះការងារអនុវត្តច្បាប់ផ្នែកនគរបាល ដូចជាការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមមានការប្រឆាំង បទល្មើសបច្ចេកវិទ្យា បញ្ហាគ្រឿងញៀន និងការប្រឆាំងភេវរកម្ម សម្ដេក្រឡាហោម បានស្នើសុំភាគីស៊ុយអែត ពិនិត្យលទ្ធភាព បន្តពង្រឹការងារនេះជាមួយភាគីកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតបឯកឧត្តមអគ្គរាជទូតស៊ុយអែត បានថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ដែលបានលើកឡើង អំពីការងារកំណែទម្រង់ និងបានបន្តថាស៊ុយអែត ពិតជាមានមោទកភាព ដែលបានគាំទ្រកម្ពុជាបង្កើតជាមូលដ្ឋាន ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ចំពោះសំណើរសម្ដេច ពាក់ព័ន្ធនឹងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ ផ្នែកនគរបាល និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឯកឧត្តម បានជម្រាបសម្ដេចថា នឹងនាំសំណើរនេះជូនរដ្ឋាភិបាលស៊ុយអែត និងបានអះអាងថា ការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ពិតជាមានសារៈសំខាន់ ពិសេសបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង