ករណីប្លន់ធនាគារ អ អេច ប៊ី សមត្ថកិច្ចដោះលែងយុវជនម្នាក់ ក្រោយពេលចាប់ច្រឡំ ថាជាបក្ខពួកជនសង្ស័យ
ភ្នំពេញ៖ ករណីក្រុមចោរប្លន់ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា ក្រោយពីចាប់ខ្លួនយុវជនម្នាក់ យកទៅសាកសួរអស់ជាច្រើនម៉ោង សមត្ថកិច្ចបានសម្រេចចិត្ត ដោះលែងយុវជនរូបនោះ ដែលត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា ជាបក្ខពួករបស់ក្រុមចោរប្លន់ទាំងនោះ នៅរសៀលថ្ងដដែលនេះ ឲ្យត្រឡប់ទៅផ្ទះវិញ។
ជាមួយគ្នានោះដែរ អាខោនហ្វេសប៊ុកឈ្មោះ សាត អាង នៅរសៀលថ្ងៃទី២៣ ខែសីហានេះថា បានសរសេររិះគន់យ៉ាងខ្លាំងទៅលើសមត្ថកិច្ចថា “ចោរមិនចាប់ មកចាប់មនុស្សគ្មានដឹងខ្យល់អីសោះ ខ្ញុំជឿជាក់គាត់ គាត់មិនអាចធ្វើរឿងបែបនេះបានទេ គាត់ជាមិត្តល្អរបស់ខ្ញុំ រៀនចប់បរិញ្ញាត្រឹមត្រូវ មិនមែនជាមនុស្សបែកថ្នាំ ឬប៉ោឡែទេ មិនដឹងថាគាត់ខូចឈ្មោះប៉ុណ្ណាទេ បើដាក់ខ្នោះគាត់អ៊ីចឹង គាត់ជាមនុស្សស្លូតបូត ពិតជាអាណិតគាត់ណាស់ ដោយមានការយល់ច្រលំ សូមបងប្អូនជួយស៊ែរ ឲ្យគេដឹងថា គេចាប់គាត់ច្រឡំ គាត់មិនមែនបក្ខពួកចោរទេ”។
បើយោងតាមការឱ្យដឹងពីសំណាក់សមត្ថកិច្ច បានឱ្យដឹងថា ទឹកប្រាក់ដែលត្រូវបាន ក្រុមចោរប្លន់ យកទៅ គឺមានចំនួនរហូតទៅជាង១០ម៉ឺនដុល្លាអាមេរិក។ នៅពេលនេះ សមត្ថកិច្ចកំពុងតែកំណត់មុខសញ្ញា និងធ្វើការសិក្សាទៅលើវីដេអូតាមរយៈកាម៉េរ៉ាសុវត្ថិភាព ក្នុងបន្ទប់ដាក់លុយ ពដើម្បីធ្វើការកំណត់មុខសញ្ញាក្រុមជនសង្ស័យ។
ក្រោយពីមានករណីប្លន់ធនាគាររបស់ចិន ឡើងកក្រើករាជធានីភ្នំពេញជាលើកដំបូង រួចមក ភ្លាមៗបន្ទាប់ពីការប្លន់ធនាគារ អ អេច ប៊ី នោះសមត្ថកិច្ចបានតាមចាប់ជនសង្ស័យ ៥នាក់ ប្រដាប់ដោយអាវុធ ខ្ចប់លុយរត់ចេញយ៉ាងរហ័ស។ នៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់ គឺជនសង្ស័យ គឺមានគ្នាចំនួន ៥នាក់ បានស្លៀកពាក់ខោអាវបិទបាំងនិងពាក់ម៉ាស់មុខ ពាក់មួយការពារ ដើម្បីបន្លំខ្លួន នាំគ្នាជិះម៉ូតូ មកដល់មុខធនាគារ រួចបានដើរចូលមក និងបានចូលមកគ្រៀកភ្ជង់ឱ្យសន្តិសុខ ដែលកំពុងអង្គុយនៅក្រោមឆត្រ និងនាំចូលទៅខាងក្នុង និងបានធ្វើការប្លន់ យកលុយរត់គេចតែម្តង៕