លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិ អញ្ជើញឱ្យចូលរួមជាវាគ្មិន នៅក្នុងកិច្ចពិភាក្សា នៃសន្និសីទសកលតាមប្រព័ន្ធអនឡាញ
ភ្នំពេញ ៖ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ត្រូវបានអញ្ជើញឱ្យ ចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សា នៃសន្និសីទសកលតាម ប្រព័ន្ធអនឡាញ ក្រោមប្រធានបទស្តីពី “អនាគតនៃទីផ្សារហិរញ្ញវត្ថុ នៅអាស៊ីនិងប៉ាស៊ីហ្វិក៖ ផលប៉ះពាល់រយៈពេលវែង នៃការរីករាលដាលជំងឺកូវីដ-១៩ និងបញ្ហាប្រឈម គោលនយោបាយ” ដែលមានកិច្ចសហការរៀបចំ ដោយធនាគារ DZ និងក្រុមហ៊ុនសាជីវកម្ម Maleki។ កិច្ចពិភាក្សានេះគ្រោងនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ចាប់ពីម៉ោង ១៣: ៣០ ដល់ម៉ោង ១៤:៣០នាទី ម៉ោងនៅរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ដែលនឹងសម្របសម្រួលដោយលោកស្រី Li Lian Ong ប្រធានក្រុមត្រួតពិនិត្យហិរញ្ញវត្ថុនិង ជាប្រធានក្រុមស្តីទីការឃ្លាំមើល ថ្នាក់តំបន់របស់ការិយាល័យស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)។
សន្និសីទរយៈពេល ២ថ្ងៃនេះ នឹងផ្តល់ជាវេទិកា សម្រាប់អ្នកបោះផ្សាយ អ្នកវិនិយោគ និងអ្នកបង្កើតគោលនយោបាយមកពីទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក ដើម្បីពិចារណា លើជំហានបន្ទាប់សម្រាប់ការសម្របសម្រួល ជាសកលឆ្ពោះទៅអនាគត ប្រកបដោយចីរភាព មុនការចាប់ផ្តើមកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងកិច្ចប្រជុំទេសាភិបាលធនាគារកណ្តាល លើកទី៣ របស់ក្រុមប្រទេស G-២០។ វាគ្មិនផ្សេងទៀតដែលនឹងចូលរួម ក្នុងកិច្ចពិភាក្សានេះរួមមាន លោកស្រី Tokiko Shimizu ឧបការីទេសាភិបាលធនាគារកណ្ដាលជប៉ុន; លោកស្រី Suzanne Gaboury, អគ្គនាយកនៃនាយកដ្ឋានប្រតិបត្តិការ វិស័យឯកជននៃធនាគារ អភិវឌ្ឍន៍អាស៊ី; លោកស្រី Masyita Crystallin ទីប្រឹក្សាពិសេសរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងអ្នកនាំពាក្យអាជ្ញាធរវិនិយោគឥណ្ឌូណេស៊ី; និងលោកស្រី Li Cui នាយកគ្រប់គ្រងនិង ជាប្រធានសេដ្ឋវិទូធនាគារសំណង់ចិន៕