សកម្មភាពមីន ពិតជាមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈម មនុស្សធម៌ជាបន្ទាន់ ដែលបណ្តាលមកពីវត្តមាននៃគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះដទៃទៀត
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញថ្លែងសន្ទរកថា បេីកសិក្ខាសាលាស្តីពីការសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននៅក្នុងប្រទេសរងផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលគាំទ្រដោយស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា សហការជាមួយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីន ចាំបាច់ត្រូវបន្តរួបរួមគ្នា និងប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិស័យសកម្មភាពមីន។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាពី លោក Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា, លោក នង សកល អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការ ARMAC, លោក Sidharto R. Suryodipuro អគ្គនាយកកិច្ចសហប្រតិបត្តិការអាស៊ាន នៃក្រសួងការបរទេសឥណ្ឌូនេស៊ី និងលោក ព្រហ្ម សួនប្រសិទ្ធ នាយកប្រតិបតិ្ត ARMAC និងភាគីពាក់ព័ន្ធសកម្មភាពមីនថ្នាក់ជាតិ-តំបន់-អន្តរជាតិ ជាច្រើនទៀតចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ ផងដែរ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌូណេស៊ី តាមរយៈស្ថានទូតឥណ្ឌូនេស៊ី ប្រចាំរាជធានីភ្នំពេញ ចំពោះការគាំទ្រដ៏សប្បុរសរៀបចំព្រឹត្តិការណ៍នេះ បានទាន់ពេលវេលា ដោយសហការរៀបចំជាមួយមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់វិស័យសកម្មភាពមីន (ARMAC)។
លោកទេសរដ្ឋមន្រ្តី សង្ឃឹមថា សិក្ខាសាលានេះនឹងផ្តល់នូវទិសដៅត្រឹមត្រូវ ឆ្ពោះទៅរកការបង្កើនប្រសិទ្ធភាពសកម្មភាពមីន ក្នុងការជួយសម្រេចបាននូវចក្ខុវិស័យរបៀបវារៈ ឆ្នាំ២០៣០ នៃការធានាថា «គ្មាននរណាម្នាក់នៅសេសសល់_No one is left behind» ក្លាយជាការពិត ដែលរាល់លទ្ធផលនៃការពិភាក្សានឹងត្រូវបានប្រែក្លាយ ទៅជាសកម្មភាពប្រកបដោយអត្ថន័យនៅថ្នាក់ជាតិ និងថ្នាក់តំបន់។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងឥណ្ឌូនេស៊ី ក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍ និងការធានាបាននូវស្ថេរភាពនយោបាយ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងថា ARMAC បានបង្កើតឡើងរយៈពេល ៩ឆ្នាំមកហើយ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅឯកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ នៅរាជធានីភ្នំពេញ ហើយក្រោយមកមេដឹកនាំអាស៊ាន បានទទួលយកសំណើនេះជាបន្តបន្ទាប់។ រយៈពេល ៤ឆ្នាំចុងក្រោយនេះ ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួននៅឆ្នាំ២០១៧ ARMAC បានក្លាយជាមជ្ឈមណ្ឌលដ៏គួរឱ្យទុកចិត្ត និងបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ មិនត្រឹមតែលើការងារសហគមន៍ សន្តិសុខនយោបាយអាស៊ាន២០២៥ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការអភិវឌ្ឍភាពជាដៃគូ សម្របសម្រួលការចែករំលែកចំណេះដឹង និងការគាំទ្រគំនិតផ្តួចផ្តើមខាងត្បូង-ខាងត្បូងនៅក្នុងតំបន់ ផងដែរ។
លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា «សកម្មភាពមីន ពិតជាមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈម មនុស្សធម៌ជាបន្ទាន់ ដែលបណ្តាលមកពីវត្តមាននៃគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះដទៃទៀត ក្នុងសម័យសង្រ្គាម ព្រមទាំងបានធ្វើឲ្យបណ្តាប្រទេសដែលនៅតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងហ្វីលីពីន ត្រូវការការគាំទ្របន្ទាន់ពីបណ្តាប្រទេសដែលមិនរងផលប៉ះពាល់ និងប្រទេសម្ចាស់ជំនួយ ហើយគ្រប់ភាគីពាក់ព័ន្ធ ចាំបាច់ត្រូវរួបរួមគ្នា និងប្តេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពសកម្មភាពមីន»។
ទន្ទឹមនឹងនេះដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ សកម្មភាពមីន និងសហគមន៍អភិវឌ្ឍន៍ បានធ្វើការរួមគ្នាជាដៃគូយ៉ាងជិតស្និទ្ធ ក្នុងការរំដោះផ្ទៃដីជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាព ផ្តល់នូវផលវិជ្ជមានភ្លាមៗ និងបានរួមចំណែកដល់ការស្តារឡើងវិញ និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ក្នុងរយៈពេលវែងនៅក្នុងប្រទេសដូចជា៖ កម្ពុជា ឡាវ វៀតណាម និងថៃ។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការប្តេជ្ញាចិត្តរឹងមាំ និងស្ថិតស្ថេររបស់ខ្លួនក្នុងការកម្ចាត់គ្រាប់មីន ដែលត្រូវបានស្គាល់អោយអស់នៅត្រឹមឆ្នាំ២០២៥ ព្រមទាំងបានចាត់ទុកវិស័យបោសសម្អាតមីន ចូលរួមគាំពារដល់សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕