UNDP បញ្ជាក់ជំហរ ក្នុងការពង្រឹងភាពជាដៃគូ សហប្រតិបត្តិការឲ្យកាន់តែរឹងមាំបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង អាណត្តិថ្មី
ភ្នំពេញ៖ UNDP បានបញ្ជាក់យ៉ាងច្បាស់លាស់ ពីជំហររបស់ខ្លួន ក្នុងការពង្រឹងភាពជាដៃគូ សហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង អាណត្តិថ្មី ឲ្យកាន់តែរឹងមាំបន្ថែមទៀត និងប្តេជ្ញាបន្តគាំទ្រ កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ប្រកបដោយបរិយាប័ន្ន ចីរភាព និងនវានុវត្តភាព។ ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានថ្លែងស្វាគមន៍ចំពោះសុភវិនិច្ឆ័យរបស់ UNDP ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្តែងឡើងតាមរយៈ ការបង្ហាញជំហរច្បាស់លាស់ក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ដោយសារការចូលរួមចំណែកដ៏សំខាន់របស់ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្នុងដំណើរការអភិវឌ្ឍកម្ពុជា នារយៈកាលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជា សម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ និងជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួល ជួបលោក ហៅលៀង ស៊ូ (Haoling Xu) ឧបការីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីការរៀបចំឯកសារកម្មវិធី កិច្ចសហប្រតិបត្តិការរបស់ UNDP នៅកម្ពុជាឆ្នាំ ២០១៩-២០២៣ ដែលមានគោលដៅចូលរួមចំណែកដល់ការអភិវឌ្ឍ កម្ពុជាប្រកបដោយបរិយាប័ន្ន, ចីរភាព និងនាវានុវត្តភាព ឈានទៅសម្រេចគោលដៅនៃការប្រែក្លាយកម្ពុជា ជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ ២០៣០ នារសៀលថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា កម្ពុជា កំពុងបន្តដំណើរយ៉ាងស្វាហាប់ តម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសអភិវឌ្ឍន៦ ដោយបានកំណត់យកឆ្នាំ២០៣០ ជាឆ្នាំគោល ដែលត្រូវសម្រេចឲ្យបាននូវលទ្ធផលជាសារវ័ន្តនៃកំណែទម្រង់សំខាន់ៗ និងការប្រែក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។
លោកបន្តថា រាជរដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៦ នៃរដ្ឋសភា នឹងត្រូវបង្កើតក្នុងពេលដ៏ខ្លីខាងមុខនេះ ។ រាជរដ្ឋាភិបាលថ្មី នឹងអនុម័ត និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងឯកសារផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៨ -២០២៣ ហើយឯកសារផ្លូវការទាំងនេះ នឹងត្រូវផ្ញើជូនដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំឯកសារក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរបស់ដៃគូនីមួយៗនៅកម្ពុជា។
ក្នុងឱកាសនោះ លោកហៅលៀង ស៊ូ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចនូវកិច្ចអភិវឌ្ឍន៍ក្នុងសន្ទុះលឿន និងជាពិសេស ជោគជ័យនៃការសម្រេចបាននុវគោលដៅអភិវឌ្ឍសហស្សវត្សរ៍មុនកាលកំណត់។ លោកបន្តថា UNDP កំពុងស្ថិតក្នុងដំណាក់កាលរៀបចំឯកសារកម្មវិធីកិច្ចសហប្រតិបត្តិការរបស់ UNDP នៅកម្ពុជា ឆ្នាំ២០១៩ -២០២៣ ដែលនឹងត្រូវរៀបចំឲ្យមានសង្គតិភាពជាមួយចក្ខុវិស័យ ២០៥០ , យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។ លោកបានថ្លែងនូវជំហរច្បាស់លាស់របស់ UNDP ក្នុងការពង្រឹងភាពជាដៃគូសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល អាណត្តិថ្មី របស់កម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត និងប្តេជ្ញាបន្តគាំទ្រកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ប្រកបដោយបរិយាប័ន្ន ចីរភាព និងនវានុវត្តភាព៕