ចលនាឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ គឺត្រូវបង្ក្រាបទាំងអស់
កំពង់ស្ពឺ ៖ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ថា “ចលនាទាំងឡាយណាក៏ដោយ ឲ្យតែមានចេតនាចង់ប្រឆាំង ឬចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺត្រូវបង្ក្រាបទាំងអស់ដោយកម្លាំងសមត្ថកិច្ច ពិសេសកម្លាំងនគរបាលតែម្ដង “។
លោក អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា “ចលនាឧទ្ទាមក្រៅច្បាប់របស់ទណ្ឌិត សម រង្ស៊ី មិនអាចធ្វើអ្វីប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដែលកើតចេញពីការបោះឆ្នោតនោះទេ”។
លោក នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ដែលជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញ អន្ដរាគមន៍ពិសេស នៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានថ្លែងថា “មុននេះក្រៅពីបទល្មើស នៅក្នុងផ្ទៃប្រទេសមានចលនាប្រឆាំងជាច្រើន ប្រឆាំងដោយសម្ងាត់ គេរៀបចំជាចលនាប្រដាប់អាវុធជាតំបន់អាបគមន៍ ជាចលនានយោបាយក្រៅច្បាប់ ប៉ុន្ដែមកទល់ម៉ោងនេះ អត់មានទៀតទេ មានតែចលនាក្រៅប្រទេសពួកឧទ្ទាម សម រង្ស៊ី ដែលបង្កើតចលនាសង្គ្រោះជាតិ ប៉ុន្ដែមិនអាចធ្វើអ្វីក្នុងប្រទេសកម្ពុជាយើងបាននោះទេ”។
លោកនាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ទោះបីប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពសន្ដិភាព សន្ដិសុខ ស្ថិរភាពនយោបាយល្អប្រសើរក៏ពិតមែន ប៉ុន្ដែកម្លាំងប្រដាប់អាវុធ ពិសេសកម្លាំងនគរបាល មិនអាចធ្វេសប្រហែសបាននោះទេ ពោលគឺត្រូវបង្កើន និងពង្រឹងសមត្ថភាពបន្ថែមទៀត ព្រោះសភាពការណ៍សន្ដិសុខ មិនអាចវាយតម្លៃបានមុនឡើយ។
លោកនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ជាក់ស្ដែងការបើកវគ្គបំប៉ន ជំនាញអន្ដរាគមន៍ពិសេសនៅពេលនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាព ដល់កងកម្លាំងនគរបាលបន្ថែមទៀត ឲ្យត្រៀមខ្លួនដើម្បីរៀបចំថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការពារសុវត្ថិភាពប្រជាពលរដ្ឋ កុំឲ្យមានហានិភ័យកើតឡើង។ លោកបានបន្ថែមទៀតថា វគ្គបំប៉នជំនាញអន្ដរាគមន៍ពិសេសនេះ មានធ្វើឡើងតែនៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាមតែមួយកន្លែងនេះទេ ពោលគឺធ្វើនៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា និងគ្រប់បណ្ដាភូមិភាគទាំង៦ ហើយពេលនេះមានសិក្ខាកាមប្រមាណ៤.០០០នាក់ កំពុងតែសិក្សាទាំងក្នុង និងក្រៅប្រទេស៕