ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហភាពអឺរ៉ុប បន្តការគាំទ្រលើកម្មវិធីកែទម្រង់ ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ពីឆ្នាំ ២០២០-២០២១ ប្រមាណ ២២ លានអឺរ៉ូ

132


ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានទទួលជួបពិភាក្សាការងារជាមួយលោក George Edgar ឯកអគ្គរដ្ឋទូត និងជាប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពីការត្រួតពិនិត្យសមិទ្ធកម្មលើការអនុវត្តក្របខ័ណ្ឌលទ្ធផលប្រចាំឆ្នាំ ២០១៧ ដែលមានចែងក្នុងកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង រវាងរាជរដ្ឋាភិបាល កម្ពុជា និងសហភាពអឺរ៉ុប ដើម្បីគាំទ្រកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ក៏ដូចជាការបន្តជំរុញពង្រឹង កិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិត​ខំ​ប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតដល់ សម្រេចបាននូវសមិទ្ធផលជាច្រើន ដោយក្នុងនោះរួមមាន ការកើនឡើង នៃកំណើនចំណូល ចរន្តតាមរយៈការពង្រឹងការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម២០១៤-២០១៨ ការពង្រឹង និងពង្រីកការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធ​ព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ(FMIS) ការពង្រឹង និងពង្រីកការដាក់ឱ្យអនុវត្តន៍ថវិកាកម្មវិធីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងតម្លាភាពថវិកាត្រូវបានបង្កើនជាលំដាប់ ជាដើម។ ទន្ទឹមនេះ តាមរយៈ លទ្ធផលនៃការវាយតម្លៃសមិទ្ធកម្មឆ្នាំ ២០១៧ បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវ លក្ខខណ្ឌទូទៅ (General Conditions) គឺ ១០០ភាគរយ និង លក្ខ​ខណ្ឌជាក់លាក់ (Specific Conditions) គឺ ៩២,៥ភាគរយ។ ដោយឡែក ចំពោះថវិកាទ្រទ្រង់ (Budget Support) សម្រាប់បើកផ្តល់​ក្នុងឆ្នាំ២០១៨ មានចំនួន ៤.៧៣៧.៥០០ អឺរ៉ូ ។

លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់បន្ថែមអំពីសុច្ឆន្ទៈនៃកិច្ចសហប្រតិបត្តិការ ក្នុងការ បន្តការគាំទ្រលើកម្មវិធីកែទម្រង់ ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ពីឆ្នាំ ២០២០-២០២១ ប្រមាណ ២២ លានអឺរ៉ូ, កម្មវិធីសម្រាប់កំណើនប្រកបដោយនិរន្តរភាព និងបរិយាប័ន្ននៅកម្ពុជា លើវិស័យជលផលប្រមាណ៨៧លានអឺរ៉ូ និងកម្មវិធីសម្ព័ន្ធភាព ការ ប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី ៣ ប្រមាណ ៦ លានអឺរ៉ូ ។

លោកអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះវត្តមានរបស់ សហភាពអឺរ៉ុប ដែលបានជួយគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់​គ្រង​​ហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ២០០៥ រហូតមកដល់ពេលបច្ចុប្បន្ន, កម្មវិធីកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិ បាល ក៏ដូចជាថ្លែងនូវអំណរគុណសម្រាប់​សហភាពអឺរ៉ុប ដែលបានទទួលស្គាល់នូវកិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក។ លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានគូស បញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិតជាមានសារសំខាន់ក្នុង ការជំរុញ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយជវភាព វិបុលភាព និងបរិយាប័ន្ន។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល នៅតែបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងបង្កើន កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារអាទិភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលក្នុងនោះរួមមាន៖ រៀបចំយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ ២០១៩-២០២៣ អនុវត្តន៍យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ពង្រឹងនិង ពង្រីកការអនុវត្តប្រព័ន្ធ FMIS ស្របតាមផែនការយុទ្ធសាស្រ្តដំណាក់កាលទី២ ការពង្រឹង ការ អនុវត្តថវិកាកម្មវិធីរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម(MTFF) និងក្របខ័ណ្ឌថវិការយៈ ពេលមធ្យម(MTBF) រៀបចំយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិឆ្នាំ ២០១៨-២០២៥ រៀបចំយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ រៀប ចំក្របខ័ណ្ឌវិនិយោគសាធារណៈ និងការពង្រឹងការកសាងសមត្ថភាព មន្រ្តីរាជការ ក្នុងក្រប ខ័ណ្ឌកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

លោកអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី ក៏បានថ្លែងនូវអំណរគុណចំពោះការគាំទ្រ របស់សហភាពអឺរ៉ុប ទាំងជំនួយជាហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេក​ទេស ដើម្បីគាំទ្រ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈប្រកបដោយជោគជ័យ និង ចីរភាព។ ឯកឧត្តមបានចាត់ទុកថា នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីកិច្ចទំនាក់ទំនងល្អរវាង កម្ពុជា និងសហភាពអឺរ៉ុប ហើយកម្ពុជា ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត​ក្នុងការពង្រឹងការ ប្រមូលចំណូលក្នុងស្រុក និងការគ្រប់គ្រងចំណាយសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព គណនេយ្យភាព និងតម្លាភាព៕

អត្ថបទដែលជាប់ទាក់ទង