ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ឆ្លើយតបទៅនឹង​ការព្រួយបារម្ភ ​របស់​លោក​ស្រី Rhona Smith

246

 

ភ្នំពេញ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតប ទៅនឹងការព្រួយបារម្ភរបស់លោកស្រី Rhona Smith ក្រុមអ្នកជំនាញការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN) ។

បើតាមសេចក្តីថ្លែងការរបស់គ.ជ.ប កាលពីថ្ងៃទី១៦ខែមិថុនា ឆ្នាំ២១០៨ បានបញ្ជាក់ថា គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ពិតជានមានការសោកស្តាយ យ៉ាងខ្លាំង ចំពោះក្រុមអ្នកជំនាញការសិទ្ធិមនុស្ស UN ជាពិសេសលោកស្រី Rhona Smith ដែលបានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០១៨ ដោយគ្មានមូលដ្ឋាន នឹងមិនបានសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅពី គ.ជ.ប មុននឹងវាយតម្លៃ ទៅលើក្រមសីលធម៌អ្នកសារព័ត៌មាន របស់ គ.ជ.ប “ហាមប្រាមអ្នកសារព័ត៌មាន មិនឲ្យចុះផ្សាយព័ត៌មាន ដែលអាចនាំឲ្យមានការភាន់ច្រឡំ និងបាត់បង់ទំនុកចិត្តក្នុងការបោះឆ្នោត”។

គណៈកម្មាធិការរៀបចំការបោះឆ្នោត សូមថ្លែងការពិត ទៅកាន់លោកស្រី និងសាធារណៈមតិជាតិ និងអន្តរជាតិ ជ្រាបថា៖ នៅឆ្នាំ១៩៩៨ លោកតេណូ អ៊ែល (Theo Noel) ជនជាតិកាណាដា ជំនាញការច្បាប់បោះឆ្នោត បានជួយគ.ជ.ប ក្នុងការតាក់តែងឯកសារច្បាប់ ក្នុងនោះគាត់បានសរសេរ ពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ត្រង់ចំណុច៤ ” សមាជិកនៃបណ្តាញសារព័ត៌មាន ត្រូវតែបានជឿជាក់ថា នឹងផ្សព្វផ្សាយយ៉ាងត្រឹមត្រូវ នូវការពិតដោយគ្មានលម្អៀង និងមិនប្រកាន់បក្ខពួក”។ នៅឆ្នាំ២០០២ អ្នកជំនាញការច្បាប់ បរទេសម្នាក់ទៀត បានជួយតាក់តែងច្បាប់ស្តីពីការបោះឆ្នោត ឃុំ សង្កាត់ ហើយដោយផ្អែកលើច្បាប់នេះ គ.ជ.ប បានរៀបចំក្រមសីលធម៌ សម្រាប់អ្នកសារព័ត៌មាន ដេលមានចែងក្នុងចំណុច៖ ៤.២ អ្នកសារព័ត៌មាន មិនជ្រៀងជ្រែក ឬរំខានការងាររៀបចំការបោះឆ្នោត។ ៤.៥ អ្នកសារព័ត៌មានមិនត្រូវប្រើប្រាស់តួនាទីយកព័ត៌មាន (ទោះឯកជន ឬរដ្ឋ) មកបើប្រាស់ ឬគៀបសង្កត់លើមន្រ្តីរៀបចំការបោះឆ្នោត ឬអ្នកសង្កេតការណ៍ ឬបេក្ខជន ឬតំណាងរាស្រ្តគណបក្សនយោបាយ ឬពលរដ្ឋណាឡើយ។ តាំងពីឆ្នាំ១៩៩៨មក ខ្លឹមសារនៃក្រមសីលធម៌ សម្រាប់អ្នកសារព័ត៌មាន បានយកមកអនុវត្តន៍ គ្រប់សម័យកាល នៃការបោះឆ្នោត ហើយនៅឆ្នាំ២០១៦ ខ្លឹមសារទាំងអស់ នៃក្រមសីលធម៌នេះ ត្រូវបានរៀបចំ និងដាក់ជូនភាគីពាក់ព័ន្ធជាច្រើនរួមមាន សហភាពអឺរ៉ុប ប្រទេសជប៉ុន និងស្ថាប័ននីតិប្បញ្ញតិ្ត នីតិប្រតិបត្តិ និងអង្គការ សមាគម រួមមាន COMFREL NICFEC ជាដើម ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ ។ ក្រមសីលធម៌នេះត្រូវបានយកមកប្រើប្រាស់សម្រាប់ការរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ការបោះឆ្នោត ឃុំ​ សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ក្រមសីលធម៌ ឆ្នាំ២០១៦នេះ មិនបានប្រាសចាកពីខ្លឹមសារដើម ឆ្នាំ១៩៩៨នោះទេ។ ក្រមសីលធម៌អ្នកសារព័ត៌មាន របស់គ.ជ.ប មិនមានបញ្ញត្តិណាមួយហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយ មិនឲ្យបំពេញកិច្ចការ របស់ខ្លួន ស្របច្បាប់ជាធរមាន។ ផ្ទុយទៅវិញក្រមសីលធម៌នេះ គឺជាផ្នែកមួយដ៏សំខាន់នៃការរាយការណ៍ព័ត៌មាន ដែលមានតម្លាភាព និងមានទំនួលខុសត្រូវ ក្នុងអំឡុងពេលបោះឆ្នោត ដូចការចង់បានរបស់លោកស្រី។ លោកស្រីខ្លួនឯងទេ ដែលជាអ្នកភាន់ច្រឡំ មិនខុសពីអ្វីដែលលោកស្រីធ្លាប់បានធ្វើបុរេវិនិច្ឆ័យរួចមកហើយថា ការបោះឆ្នោតនាពេលខាងមុខ ជាការបោះឆ្នោតលេងសើម។ លោកស្រី ក៏នៅចងចាំដែរថា លោកស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ធ្លាប់បានស្នើសុំឲ្យលោកស្រី នាំពាក្យទៅប្រាប់ UN ឲ្យបង្កើតការិយាល័យ UN នៅគ.ជ.ប ផ្ទាល់តែម្តង ក្នុងជំនួបជាមួយគ្នា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

ក្រមសីលធម៌អ្នកសារព័ត៌មាន របស់គ.ជ.ប ធ្វើឡើងស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ ព្រមទាំងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ ក្នុងមាត្រា ១៩ ដែលចែងថា ” ការប្រើប្រាស់សេរីភាពនៃការបញ្ចេញមតិ តម្រូវឲ្យមានករណីកិច្ច និងការទទួលខុសត្រូវដោយពិចារណ ទៅលើសិទ្ធិអ្នកដទៃ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ”។

តាមការស្រាវជ្រាវ របស់គ.ជ.ប គ្មានប្រទេសណាមួយ ក្នុងសកលលោកប្រើសិទ្ធិដោយគ្មានព្រំដែននោះទេ លើកលែងតែជនអគតិដែលមានបំណងបំផ្លាញការបោះឆ្នោត៕

 

 

អត្ថបទដែលជាប់ទាក់ទង