ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកលូ៥ សម្រេចបាន ៥០%ហើយ គ្រោងបញ្ចប់នៅដើមខែវិច្ឆិកាខាងមុខនេះ
ភ្នំពេញ៖ ស្ថានីយបូមទឹកលូ៥ គឺជាស្ថានីយបូមទឹកថ្មីមួយ
ក្នុងចំណោយស្ថានីយជាច្រើនទៀត ដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងស្ថាបនា ដោយមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកលូ៥នេះ សម្រេចបាន ៥០%ហើយ ដែលគ្រោងនឹងបញ្ចប់ការងាររបស់ខ្លួននៅដើមខែវិច្ឆិកា២០១៨ខាង
មុខនេះ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា មកពេលនេះការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកលូ៥ យើងបានធ្វើគ្រឹះហើយ ឡើងជញ្ជាំងបេតុងហើយ ឡើងសសរហើយ នឹងបានកំពុងឡើងប្លង់សេ ចំណែក ម៉ូទ័របូមទឹកនិងទុយោយើងក៏បានទិញនិងដឹកមកដល់ភ្នំពេញហើយដែរ ។បើគិតជាលទ្ធផល ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកលូ ៥ មកដល់ពេលនេះសម្រេចបាន ៥០% ហើយ ដោយគ្រោងនឹងបញ្ចប់ការងារនៅដើមខែវិច្ឆិកា២០១៨
ខាងមុខនេះ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា ស្ថានីយ៍នេះ មានសមត្ថភាពបូមទឹក ៥ម៉ែត្រគូបក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅតំបន់ខាងត្បូង និងខាងកើតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពិសេសរំដោះការលិចលង់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិទ្រា សាលាបឋមសិក្សាស ឡា។
គួរបញ្ជាក់ថា ការដ្ឋានស្ថាបនាស្ថានីយបូមទឹកលូ៥ ត្រូវបានបើកការដ្ឋានស្ថាបនាកាលថ្ងៃទី១៦ មីនាឆ្នាំ២០១៨ក្រោមវត្តមានលោក ឃួង ស្រេង អភិបារាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅចំណុចមុំបី ចំណុចប្រសព្វ៣ខណ្ឌ គឺខណ្ឌមានជ័យ ពោធិសែនជ័យនិងខណ្ឌដង្កោ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀងចេញពីតំបន់ជាច្រើននៅក្នុងខណ្ឌទាំង៣នេះតែម្តង។
ស្ថានីយបូមទឹកលូ៥នេះ គឺជាទីតាំងយុទ្ធសាស្ត្រមួយ ក្នុងការបូមទឹកចេញពីតំបន់ខាងកើតព្រលានយន្តហោះ តំបន់ចោមចៅ តំបន់ត្រពាំងថ្លឹង ភូមិគោកបញ្ជាន់ តំបន់ផ្សារស៊ិនជូរីផ្លាហ្សា តំបន់ថ្មគោល ផ្លូវ២០០៤ និងមួយផ្នែកទៀតពីសង្កាត់ទឹកថ្លា ខាងត្បូងមហាវិថីសហព័ន្ធរុស្សុី ដែលមានទំហំផ្ទៃរងទឹកភ្លៀងរហូតដល់១០២៨ហិកតា។
គួរបញ្ជាក់ទៀតថា ស្ថានីយបូមទឹកលូ៥ សាងសង់ឡើងជាអគារថ្មី មានបណ្តោយ១៨,៩ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ បំពាក់បំពង់បូមទឹក៤គ្រឿង ក្នុងនោះ បំពង់មុខកាត់៨តឹក២គ្រឿងនិងបំពង់មុខកាត់១ម៉ែត្រចំនួន២គ្រឿង ដែលអាចមានសមត្ថិភាពបូមទឹកបាន៥ម៉ែត្រគុប ក្នុងមួយវិនាទីនិងស្មើនិង
២៨៨០០ម៉ែត្រគុប ក្នុង១ម៉ោង៕