ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ២នាក់ គាស់ទ្វារហាងលួចទូរស័ព្ទដៃ ត្រូវបានអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការ

73

 

បន្ទាយមានជ័យ ៖ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ អេង ចិត្រា ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិចាន់គិរី សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចទូរស័ព្ទ ដែលប្រព្រឹត្តកាលពីវេលាម៉ោងប្រហែល២យប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្សារសហគមន៍ ស្ថិតក្នុងភូមិចាន់គិរី សង្កាត់/ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរួច លោកបានចាត់តាំងកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន បានជនសង្ស័យចំនួន០២នាក់ ១/.ឈ្មោះ លាន រ័ត្ន ភេទប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្ន រស់នៅមណ្ឌល៨ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/.ឈ្មោះ ឃុន គីមឡុង ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិចានគិរី សង្កាត់/ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតទូរស័ព្ទដៃចំនួន០២គ្រឿង ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងទៀតថា ក្រោយពីសាកសួរចម្លើយរួច ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេមានគ្នា០៣នាក់ ម្នាក់ទៀតមានឈ្មោះ ក្អែក ភេទប្រុស អាយុប្រហែល២០ឆ្នាំ រស់នៅមណ្ឌល២ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពួកគេទាំង៣នាក់ បាននាំគ្នាទៅលេងហ្គេមបាញ់ត្រី នៅក្បែរចំណុចកើតហេតុខាងលើ ពេលត្រឡប់មកវិញ ម៉ោងប្រហែលជិត៣ទៀបភ្លឺ ហើយឃើញហាងលក់ទូរស័ព្ទមួយ ចាក់សោរទ្វារតែម្ខាង ឃើញដូច្នេះពួកគេនាំគ្នាធ្វើសកម្មភាព គាស់ទ្វារហាងលក់ទូរស័ព្ទដៃនោះ ដោយឈ្មោះ រ័ត្ន បានយកដែកមកគាស់របើកសោរទ្វារ ហើយនាំគ្នាចូលលួចយកទូរស័ព្ទ បានចំនួន០៩គ្រឿង បន្ទាប់មកពួកគេនាំគ្នាគេចខ្លួនអស់ ហើយបន្ទាប់មកទៀត ពួកគេបាននាំគ្នាចែកទូរស័ព្ទទុកប្រើម្នាក់១ នៅសល់ប៉ុន្មានទុកឲ្យឈ្មោះ ក្អែក យកទៅលក់ដើម្បីចែកលុយគ្នា មិនទាន់បានចែកលុយគ្នាផង ស្រាប់តែសមត្ថកិច្ចមកឃាត់ខ្លួនគេទាំង០២នាក់តែម្ដង ចំណែកឈ្មោះក្អែក បានរត់គេចខ្លួនបាត់ ។

ដោយផ្អែកលើពាក្យបណ្ដឹង និងផ្អែកការស្ដាប់ចម្លើយ របស់ជនសង្ស័យទាំង០២នាក់ ទើបកម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកវត្ថុតាងត្រូវបានប្រគល់អោយម្ចាស់ដើមវិញហើយ ដោយឡែកឈ្មោះ ក្អែក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល ពីសំណាក់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យ ទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយ ៕

អត្ថបទដែលជាប់ទាក់ទង