ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ ចំពោះការបំពេញ ភារកិច្ចរបស់កងទ័ព ក្នុងកាលៈទេសៈជំងឺកូវីដ១៩
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៅគ្រប់បណ្តាកងឯកភាពទាំងអស់ ចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ទោះជាក្នុងកាលៈទេសៈលំបាកនៃការរាតត្បាតនៃជំងឺកូវីដ១៩ ជាពិសេសក្នុងឆមាសទី១ ឆ្នាំ២០២១នេះតែម្តង គឺនៅក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលយើងកំពុងមានការប្រឈមខ្លាំង។
ការវាយតម្លៃខ្ពស់ចំពោះភារកិច្ចការរបស់កងទ័ពពីសំណាក់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ទោះបីមានសកម្មភាពមួយចំនួនយើងមិនអាចអនុវត្តបាន ប៉ុន្តែលចំពោះលទ្ធផលការងារជារួម គឺយើងនៅតែអាចរក្សាបាននូវប្រតិបត្តិការជាធម្មតា, ការត្រៀមលក្ខណៈរៀបរយក្នុងការបំពេញភារកិច្ច និងការចូលរួមនៅក្នុងកិច្ចការនានាទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយយើងបានខិតខំប្រឹងប្រែងសម្រេចបានគួរជាទីមោទនៈ ជាពិសេសនៅក្នុងការងារគ្រប់ភារកិច្ចសំខាន់ៗចាំបាច់ចំពោះមុខ ពាក់ព័ន្ធនឹងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
មេបញ្ជាការកងទ័ពជើងគោករូបនេះ បានបញ្ជាក់ថា ទោះនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជាប្រមុខ និងជាប្រធានគណៈកម្មការធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានដឹកនាំការងារយ៉ាងសកម្ម និងជាប្រចាំក្នុងរយៈពេល ០២ឆ្នាំកន្លងមកនេះ ដោយបានចាត់វិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាការព្យាបាល និងការរៀបចំធនធានដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានជូនប្រជាពលរដ្ឋ រួមមានការដាក់ឱ្យដំណើរការយន្តការជំនួយសង្គមសម្រាប់ប្រជាជនដែលជួបការលំបាកផ្នែកជីវភាព ជាដើម។
ពាក់ព័ន្ធនឹងការងារលើកកម្ពស់សុខមាលភាពរបស់កងទ័ព ជាពិសេសការការពារជំងឺកូវីដ១៩ លោកឧត្តមសេនីយ៍ឯក សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ស្ថាប័ន-កងឯកភាពទាំងអស់ ដែលបានខិតខំអនុវត្តវិធានសុខាភិបាលក្នុងការគ្រប់គ្រងកម្លាំងក្នុងរយៈកាលកន្លងមកនេះ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តរឹតបន្តឹងការអនុវត្តវិធានការទាំងនេះឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីការពារខ្លួននៅក្នុងជួរទ័ព, គ្រួសារទ័ព និងសហគមន៍។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា ជាទិសដៅការងារបន្តចំពោះមុខ ឆ្លើយតបនឹងបទបញ្ជាជាយុទ្ធសាស្ត្រថ្មីៗរបស់ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគោលការណ៍ណែនាំរបស់ក្រសួងការពារជាតិលើកិច្ចការនេះ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទបានសម្រេចដាក់ចេញនូវគោលការណ៍ភារកិច្ចជាក់ស្តែងមួយចំនួនដូចខាងក្រោម៖
* កម្លាំងទាំងអស់នៅតាមព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ចគ្រប់ជំនាញ ដើម្បីពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យរាល់ការចេញចូលរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺកូវីដ-១៩ ប្រភេទថ្មី។
* អង្គភាពទាំងអស់ត្រូវបន្តចាត់វិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអង្គភាព តាមរយៈការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់, ការត្រួតពិនិត្យការចេញ-ចូល, ការរៀបចំកន្លែងចត្តាឡីស័ក និងកន្លែងព្យាបាលកម្រិតស្រាល។
* ត្រូវប្រុងប្រៀបរៀបចំធ្វើតេស្តដល់យោធិននៅតាមបណ្តាអង្គភាព ដោយយកចិត្តទុកដាក់ជាពិសេសដល់កម្លាំងទាំងអស់ដែលចេញប្រតិបត្តិការតាមច្រកព្រំដែន, ពេទ្យយោធា, កម្លាំងចូលរួមចាក់វ៉ាក់សាំង និងកម្លាំងដែលចូលរួមប្រតិបត្តិការក្នុងតំបន់មានហានិភ័យខ្ពស់ ដូចជាតំបន់ក្រហម ជាដើម។
* បន្តភារកិច្ចដែលបានអនុវត្តកន្លងមក ក៏ដូចជាត្រៀមកម្លាំងដើម្បីចូលរួមអនុវត្តភារកិច្ចនៅពេលមានបទបញ្ជា ដូចជា៖ ការរៀបចំក្រុមគ្រូពេទ្យ, ការចូលរួមក្នុងការការពារ និងរក្សាសន្តិសុខនៅតាមមណ្ឌលចត្តាឡីស័ក, ការចូលរួការបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត និងការដឹកជញ្ជូនពលករត្រលប់មកពីបរទេស។
* បន្តចូលរួម និងត្រៀមចូលរួមនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមផែនការរបស់រាជរដ្ឋាភិបាលផងដែរ៕