ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រអប់ខ្មៅ នៃយន្តហោះយោធា ហ្វីលីពីន ដែលធ្លាក់នៅភាគខាងត្បូងនោះ ត្រូវបានរកឃើញហើយ

96

ម៉ានីល)៖ មេបញ្ជាការយោធាហ្វីលីពីន លោកឧត្តមសេនីយ៍ឯក ស៊ឺរីលីតូ សូបេយ៉ាណា (Cirilito Sobejana) នៅថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ថា ប្រអប់ខ្មៅរបស់យន្តហោះយោធា ដែលបានធ្លាក់នៅកោះភាគខាងត្បូងប្រទេស កាលពីចុងសប្តាហ៍មុននេះ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយ។ នេះបើតាមការចេញផ្សាយ ដោយសារទីភ្នាក់ងារព័ត៌មាន Reuters។

យន្តហោះយោធាប្រភេទ C-130 Hercules ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin បានដឹកមនុស្សសរុប ៩៦នាក់ ហើយភាគច្រើននៃពួកគេ គឺជាយោធាដែលទើបបញ្ចប់ការសិក្សាថ្មីថ្មោង។ គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ចំនួនអ្នកស្លាប់ក្នុងចំណោមពួកគេ បានកើនឡើងដល់ ៥២នាក់ហើយ ខណៈ ៤៩នាក់ទៀតរងរបួស។

លោកឧត្តមសេនីយ៍ឯក Cirilito Sobejana បានគូសបញ្ជាក់ថា ប្រអប់ខ្មៅមួយរបស់យន្តហោះយោធាដែលបានធ្លាក់នោះ ត្រូវបានរកឃើញកាលពីថ្ងៃចន្ទម្សិលមិញនេះ ហើយវាត្រូវបានផ្ដល់ឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីស្តាប់នូវកិច្ចសន្ទនារបស់អាកាសយានិក មុនពេលវាបានធ្លាក់ និងដើម្បីស្វែងរកមូលហេតុហើយ។

គួរបញ្ជាក់ថា យន្តហោះយោធានេះ ត្រូវបានគេដឹងថា គ្រោងទៅចុះចតនៅព្រលានយន្តហោះ ទីក្រុងចូឡូ (Jolo) ស្ថិតក្នុងខេត្តដីកោះ ស៊ូលូ (Sulu) ភាគខាងត្បូងប្រទេសហ្វីលីពីន ប៉ុន្តែក៏បានហោះជ្រុលហួសព្រលាន ដោយសារតែមានបញ្ហាបច្ចេកទេស ហើយនៅពេលមិនអាចគ្រប់គ្រងម្ចាស់ការបានទៀត វាក៏បានធ្លាក់នៅតំបន់ ផាទីកាល់ (Patikal) ដែលស្ថិតនៅក្បែរនោះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង