ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការ ក្រោយគាស់បង្អួចផ្ទះលួចមាស និងលុយរាប់ម៉ឺនដុល្លារ

65

ភ្នំពេញ ៖ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ធ្វើសកម្មភាពគាស់ទម្លុះទម្លាយ គាស់ទ្វារបង្អូចផ្ទះចូលលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ខ្ទង់រាប់ម៉ឺនដុល្លារ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។

បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បញ្ជាក់ថា ការតាមស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជាចោរឈ្មោះ ម៉ៅ ដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលបានធ្វើសកម្មភាព (គាស់ទ្វារបង្អូចផ្ទះចូលលួចទ្រព្យសម្បត្តិ) រាប់ម៉ឺនដុល្លារ គឺបានបើកប្រតិបត្តិការឡើង ស្ថិតនៅចំណុចខាងលិចគល់ស្ពានជ្រោយចង្វារ ផ្លូវលេខ៤៧ កែងផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។

របាយការណ៍បញ្ជាក់ទៀតថា ប្រតិបត្តិការនេះបានធ្វើឡើង បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះឈ្មោះ ស៊ាង វួចណៃ ភេទស្រី ឆ្នាំកំណើត១៩៧៧ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ V០៣A ផ្លូវជាតិលេខ៦A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដោយចាប់បានជនសង្ស័យ ដកហូតបានវត្ថុតាង រួមមាន៖ ប្រាក់ដុល្លារចំនួន២២,០០០ដុល្លារអាមេរិក , នាឡិកាដៃចំនួន ០១គ្រឿងម៉ាកLONGINE ខ្សែពណ៌ខ្មៅ, ទូរស័ព្ទដៃម៉ាក អាយហ្វូនអ៊ីចម៉េក ពណ៌ទឹកមាស ស៊ីម កាតលេខ ០៧០ ៨៨៤ ៣៣៣ ចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក Iphone១១ProMax ពណ៌បៃតង ចំនួន០១គ្រឿង។

ជនរងគ្រោះឈ្មោះ ស៊ាង វួចណៃ បានអះអាងថា បានបាត់សម្ភារ រួមមាន៖ ដុំមាសមួយដុំ ទម្ងន់កន្លះគីឡូ, ប្រាក់រៀ ចំនួន៤,០០០,០០០រៀល, ប្រាក់ដុល្លារចំនួន ៥០០ដុល្លារអាមេរិក, ពេជ្រពីរឈុតតម្លៃ៣៨,០០០ដុល្លារអាមេរិក, ទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូ ស៊ីមកាតលេខ០៨៥ ៦៦ ១២ ១៥ ចំនួន០១គ្រឿងទៀត។

លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា ជនសង្ស័យឈ្មោះ ម៉ៅ ដា បានដើរចេញពីផ្ទះជួលគ្មានលេខរបស់ខ្លួន មកពួនសម្ងំក្នុងដីឡូត៍គ្មានលេខ ជិតបុរីហ្គ្រេនជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ លុះដល់វេលាម៉ោងប្រហែល២៣ និង៣០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យក៏បានឡើង តាមដំបូលខាងក្រោយ មកធ្វើសកម្ម ភាពយកដៃទាញគាស់បង្អូចផ្ទះ របស់ជនរងគ្រោះ ដែលពុំមានលក្ខណៈរឹងមាំ រួចចូលទៅក្នុងផ្ទះ លួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ បានសម្រេចហើយរួចគេចខ្លួនបាត់៕

អត្ថបទដែលជាប់ទាក់ទង