ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គកុងស៊ុលកម្ពុជាប្រចាំថៃ កំពុងស្រាវជ្រាវមានរណី ដែលមានការលើកឡើង អំពីការសាងសង់ប្រាសាទមួយ ដែលចម្លងរចនាបថ ប្រាសាទអង្គរវត្ត របស់កម្ពុជា នៅខេត្តបុរីរ៉ាំ

431

 

ភ្នំពេញ៖ លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឲនយដឹងនៅថ្ងៃទី០៦ កក្កដានេះថា៖ នៅពេលនេះស្ថានទូតក៏ដូចជាអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ បានចាប់ផ្តើមស្រាវជ្រាវករណី ដែលមានការលើកឡើង អំពីការសាងសង់ប្រាសាទមួយ ដែលចម្លងរចនាបថប្រាសាទអង្គរវត្ត របស់កម្ពុជា នៅខេត្តបុរីរ៉ាំ ដោយធ្វើការសហការជាមួយនឹងភាគីថៃ។

លោកអ្នកនាំពាក្យ បានគូសបញ្ជាក់បន្ថែមថា ៖ ចំពោះរឿងនេះ យើងត្រូវសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន ព្រោះថាប្រាសាទ នៅប្រទេសថៃមួយចំនួនមានរូបរាងស្រដៀង នឹងប្រាសាទអង្គរវត្តរបស់យើងដែរ ដូចជាប្រាសាទភ្នំរូង នៅខេត្តបុរីរ៉ាំជាដើម ដូច្នេះស្ថានទូត និងអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ ត្រូវតែសិក្សាស្រាវជ្រាវករណី នេះសិន ហើយយើងក៏មិនអាច ប្រតិកម្មបានភ្លាមៗនោះដែរ ព្រោះយើងពុំទាន់ដឹងថាការសាងសង់នោះ យកតាមលំនាំ រចនាបថ ដូច ប្រាសាទអង្គរវត្តយើងឬទេ ។

លោក បានបញ្ជាក់ថា ក្រសួងការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តតាមដានករណីនេះឱ្យបានដិតដល់បំផុតផងដែរ។ ពាក់ព័ន្ធនឹងករណីនេះផងដែរ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា៖ ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា កំពុងតាមដាន និងស្រាវជ្រាវករណីនេះហើយ ជាពិសេសគឺអាជ្ញាធរជាតិអប្សរាតែម្តង ពាក់ព័ន្ធនឹងរចនាបថ និងប្លង់ប្រាសាទនេះជាដើម។

អ្នកនាំពាក្យក្រសួងវប្បធម៌ បានបញ្ជាក់បន្ថែមទៀតថា ៖ “យើងស្រាវជ្រាវសិន ហើយបើតាមខ្ញុំដឹង គឺកុងស៊ុលយើងប្រចាំនៅថែ ទៅដល់ទីតាំងនោះហើយនៅរសៀលថ្ងៃនេះ ដូច្នេះយើងកំពុងរងចាំព័ត៌មាន ពីកុងស៊ុលយើង ថាតើប្រាសាទនោះគ្រោងសាងសង់ដូចប្រាសាទអង្គរវត្ត? សាងសង់បានប៉ុន្មានភាគរយហើយ ។ អ្វីដែលសំខាន់គឺយើងប្រមូលព័ត៌មាន ឱ្យគ្រប់ជ្រុងជ្រោយសិន”។
ចំពោះករណីដែលប្រាសាទ នោះយកលំនាំ តាមប្រាសាទអង្គរវត្តវិញ គឺកម្ពុជានឹងធ្វើតាមបែបបទប្រព័ន្ធការទូត ដូចដែលកម្ពុជាធ្លាប់ធ្វើកន្លងមក តាមរយៈលិខិតទៅក្រសួងការបរ ទេសថៃ។

សូមបញ្ជាក់ថា កាលពីម្សិលមិញ មានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានក្នុងស្រុក ក៏ដូចជាការលើកឡើង នៅក្នុងបណ្តាញសង្គមថា ប្រាសាទមានរូបរាង ដូចប្រាសាទអង្គរវត្តរបស់កម្ពុជា កំពុងសាងសង់នៅទឹកដីថៃ ក្នុងខេត្តបុរីរ៉ាំ ដែលជាប់ជាមួយ នឹងខេត្តឧត្តរមានជ័យរបស់កម្ពុជា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង