ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អបអរសាទរខួប នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក

62

 

ភ្នំពេញ ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ជាខួប១៣ឆ្នាំ ដែលប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចំណែកនៅថ្ងៃទី៨ ខែកក្កដា ស្អែកជាខួបឆ្នាំទី៤ ដែលប្រាសាទសំបូរ ព្រៃគុក របស់កម្ពុជាត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវការ នាថ្ងៃពុធនេះថា ការសម្រេចបញ្ចូលប្រាសាទទាំងពីរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ មិនមែនជាការចៃដន្យនោះទេ តែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃ រហូតត្រូវបាន UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូនៅទីក្រុងកេបិក ប្រទេសកាណាដា សម្រាប់ប្រសាទព្រះវិហារ និងប្រាសាទសំបូរ ព្រៃគុក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំនៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

សម្តេច ហេង សំរិន បានមានប្រសាសន៍ថា យើងជាកូនចៅ បានចងចាំនិងដឹងគុណជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គបានបំពេញព្រះរាជកិច្ចទាមទារយុត្តិធម៌ នៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលបានកាត់ក្តីឱ្យកម្ពុជាយើងឈ្នះប្រទេសថៃក្នុងការគ្រប់គ្រងប្រាសាទ ព្រះវិហារដ៏ពិសិដ្ឋរបស់យើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះអតីតព្រះមហាក្សត្រ និងបុព្វបុរសខ្មែរយើង ដែលបានសាងសង់ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងប្រាសាទបុរាណដទៃទៀតជាច្រើន នៅពាសពេញប្រទេសទុកឱ្យកូនចៅរហូតសព្វថ្ងៃនេះ ធ្វើឱ្យអន្តរជាតិ ស្ញប់ស្ញែងចំពោះពូជសាសន៍របស់យើងជាទីបំផុត។

ក្នុងបុព្វហេតុលើកតម្កើងនូវតម្លៃមរតកវប្បធម៌ជាតិ ក៏ដូចជាការការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស ដូចសព្វថ្ងៃនេះបាន គឺយើងមិនអាចខ្វះបានឡើយនូវសុខសន្តិភាព ស្ថិរភាពនយោបាយ។ សូមជនរួមជាតិទាំងអស់រួមគ្នាបន្តថែរក្សា ការពារ និងអភិរក្ស អភិវឌ្ឍន៍ រាល់សម្បត្តិបេតិកភណ្ឌរបស់យើង ទាំងរូបិយនិងអរូបិយឱ្យបានគង់វង្សជារៀងរហូតតទៅ៕

អត្ថបទដែលជាប់ទាក់ទង