ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជនកម្ពុជា ចេញលទ្ធផល នៃការចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងសន្និសីទកំពូល រវាងគណបក្សកុម្មុយនីស្ដចិន និងគណបក្សនយោបាយ

438

 

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញពីលទ្ធផលនៃការចូលរួមរបស់ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្ដចិន និងគណបក្សនយោបាយ។

នៅរាត្រីថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោកក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន៖ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម Xi Jinping អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំតំណាងគណបក្សនយោបាយជាច្រើនទៀត។

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមនៅក្នុង សន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោកតាមរយៈប្រព័ន្ធ វីដេអូ ក្រោមប្រធានបទ «ការធ្វើការដើម្បីសុភមង្គលប្រជាជន ទំនួលខុសត្រូវរបស់គណបក្ស នយោបាយ» សន្និសីទកំពូលនេះត្រូវបានអញ្ជើញចូលរួមដោយគណៈប្រតិភូជាង ១០,០០០នាក់ តំណាងឱ្យគណបក្សនយោបាយ និងអង្គការជាង ៥០០ មកពី ១៦០ ប្រទេស។ លោកប្រធានាធិបតី ចិន ស៊ី ជីនពីង ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន បានថ្លែង សុន្ទរកថាគន្លឹះនៅក្នុងសន្និសីទកំពូលនេះ។

សន្និសីទកំពូលនេះគឺ ជាព្រឹត្តិការណ៍ការទូតពហុភាគីដ៏មានសារៈសំខាន់មួយដែលត្រូវបាន រៀបចំឡើងនៅពេល ដែលគណបក្សកុម្មុយនីស្តចិនប្រារព្ធខួប ១០០ឆ្នាំរបស់ខ្លួន។ សន្និសីទកំពូល នេះមានបំណងពង្រឹងការផ្លាស់ប្ដូរគ្នា និងការរៀនសូត្រទៅវិញទៅមកនូវបទពិសោធន៍នៃអភិបាល កិច្ចរវាងគណបក្សកុម្មុនីស្តចិន និងគណបក្សនយោបាយលើពិភពលោក រួមគ្នាឆ្លើយតបទៅនឹងបញ្ជ ប្រឈមដែលមិនធ្លាប់មានក្នុងរយៈពេល ១ សតវត្សកន្លងមកនេះ រួមទាំងជម្ងឺរាតត្បាតសកលកូវីដ ១៩ ជំរុញទស្សនវិទ្យា និងសមត្ថភាពក្នុងការស្វែងរកសុភមង្គលជូនប្រជាជន ជំរុញការអភិវឌ្ឍ និង សន្តិភាពពិភពលោក ព្រមទាំងលើកកម្ពស់ការកសាងសហគមន៍វាសនារួមមួយសម្រាប់មនុស្ស ជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងសន្និសីទកំពូលនេះ ដោយបានលើកឡើងអំពីសារៈ សំខាន់នៃស្ថេរភាពនយោបាយ សមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង សាមគ្គីភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ និងការស្ដារសង្គមសេដ្ឋកិច្ចក្រោយជម្ងឺ កូវីដ-១៩។ សម្តេចតេជោក៏បានបញ្ជាក់ដែរថា ជំនួយរបស់ចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍរបស់ កម្ពុជាប៉ុណ្ណោះទេ តែបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ។ ជាទីបញ្ចប់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអបអរសាទរដល់គណបក្សកុម្មុយនីស្តចិន ដែលបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រក្នុងអំឡុងពេលដ៏ សំខាន់នេះ។

សន្និសីទកំពូលនេះ សម្រេចបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖

១) សន្និសីទកំពូលនេះបានស្នើឱ្យគណបក្សនយោបាយនៅតាមបណ្តាប្រទេសទាំងអស់ ប្តេជ្ញ
ចិត្តក្នុងការកសាងគុណតម្លៃរួមគ្នា រួមមានសន្តិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព។

២) គណបក្សនយោបាយទាំងអស់ចាំបាច់ត្រូវតែចាត់វិធានការសកម្ម ដើម្បីអនុវត្តគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ ដើម្បីសម្របសម្រួល គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការសកលលើនវានុវត្តន៍បច្ចេកវិទ្យា និងលើកកម្ពស់ការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យា។

៣) គណបក្សនយោបាយមកពីបណ្តាប្រទេសទាំងអស់ ត្រូវប្តេជ្ញាសម្របសម្រួលការផ្លាស់ប្តូរគ្នា និងការរៀនសូត្រទៅវិញទៅមកលើអរិយធម៌ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដ៏រឹងមាំ ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វប្បធម៌និងសិល្បៈ កីឡា ទេសចរណ៍ និងរវាងស្ថាប័នស្រាវជ្រាវ។

សន្និសីទកំពូលនេះគឺជាកិច្ចប្រជុំជាន់ខ្ពស់បំផុត និងធំជាងគេបំផុតនៃគណបក្សនយោបាយ ពិភពលោក ដែលបានរៀបចំដោយគណបក្សកុម្មុយនីស្តចិន ព្រមទាំងបានរៀបចំក្នុងទម្រង់នៃអន្តរកម្មដ៏ ស្និទ្ធស្នាល និងកិច្ចសន្ទនាដ៏ស៊ីជម្រៅ៕

អត្ថបទដែលជាប់ទាក់ទង