ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ និងអង្គភាពសាងសង់ ចរចាថ្លៃការសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ឲ្យអស់ថវិកាតិច តែគុណភាពរឹងមាំ

91

 

ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ចរចាថ្លៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងការចូលរួមតាមប្រព័ន្ធវីដេអូចម្ងាយពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពសាងសង់ផ្លូវ៣៨ខ្សែ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសសាងសង់ និងភាគីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីចរចាថ្លៃ នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប ជាមួយអង្គភាពសាងសង់ ដើម្បីឈានទៅចុះកិច្ចសន្យានៃការសាងសង់ ក៏ដូចជាដើម្បីពិភាក្សាអំពីការងារបច្ចេកទេសនៃការសាងសង់ពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុ ដើម្បីរិះរកនីតិវិធីធ្វើយ៉ាងណាធ្វើឱ្យផ្លូវទាំង៣៨ខ្សែនេះ មានគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង ចំណាយថវិកាសន្សំរបស់ជាតិបានចំគោលដៅ និងអាចបញ្ចប់គម្រោងសាងសង់តាមផែនការដែលបានគ្រោងទុក។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជួយកាត់បន្ថយការចំណាយថវិកាសន្សំរបស់ជាតិ ឱ្យអស់តិចតាមដែលអាចធ្វើទៅបាន ប៉ុន្តែត្រូវរក្សាបាននូវគុណភាពផ្លូវរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង និងបានស្នើឱ្យជួយពន្លឿន ការរៀបចំកិច្ចសន្យាការងារសាងសង់ ដើម្បីអាចបើកផ្ដល់ថវិកាជូនដល់អង្គភាពសាងសង់ទាំងអស់តាមពេលកំណត់។

សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្ត សៀមរាបនេះ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សម្រេចលទ្ធផលការងារបាន៦៣,៨៧%ហើយ៕

អត្ថបទដែលជាប់ទាក់ទង