ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកកិច្ចប្រជុំជាបន្ទាន់ដើម្បីទប់ស្កាត់បទល្មើស និងគ្រប់គ្រងបញ្ហាសន្ដិសុខ ឡើងវិញ ក្រោយពីមានក្រុមចោរប្រដាប់អាវុធ ចូលប្លន់ធនាគារទាំងកណ្ដាលថ្ងៃត្រង់ បានលុយជិត២០ម៉ឺនដុល្លារ

123
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានកោះអញ្ជើញអាជ្ញាធរទាំង១២ខណ្ឌនិងសមត្ថកិច្ចទាំង២
ប្រភេទ ចំណុៈអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញមកប្រជុំជាបន្ទាន់ ដើម្បីរិះរកគ្រប់វិធីនិងយុទ្ធសាស្ត្រឈានទៅដល់ការបង្ក្រាបបទល្មើស ពិសេសអំពើប្លន់ប្រដាប់អាវុធទៅលើធនាគារមួយកន្លែងនៅក្នុងខណ្ឌចំកានទាំងកណ្ដាលថ្ងៃត្រង់ កាលពីថ្ងៃទី២៣ សីហានេះ។
   ក្នុងកិច្ចប្រជុំបន្ទាន់នោះ មានការចូលរួមពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី និងអភិបាលខណ្ឌទាំង១២។
   លោក ឃួង ស្រេង បានលើកឡើងថា តាមបណ្តាខណ្ឌត្រូវមានអ្នកប្រចាំបញ្ជា ក្នុងគោលដៅចេញអន្តរាគមន៍ភ្លាមៗ នៅពេលមានកើតហេតុការណ៍ណាមួយ​​កើតឡើងជាយថាហេតុ ។ សមត្ថកិច្ចទាំងអស់​​មិនត្រូវបន្ទោសគ្នាទៅវិញមក ដាក់បន្ទុកលើកស្ថាប័នណាមួយនោះទេ គឺត្រូ​វរួមសហការគ្នា ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ អាជីវករ ដែលប្រកបអាជីវកម្ម ក្នុងរាជធានីភ្នំពេញ ព្រោះនេះជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាក្នុងនាមជាកងកម្លាំងមានសមត្ថកិច្ច។
  លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំបន្ទាន់នោះក៏បានបញ្ជាទៅអាជ្ញាធរនិងសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នាអោយបានល្អ ដាក់គោលដៅយាមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង បង្ក្រាបបទល្មើសគ្រឿងញៀនពិសេសគឺការរួមគ្នាបំបែកសំណុំរឿងប្លន់ប្រដាប់អាវុធទៅលើធនាគារមួយកន្លែងនៅក្នុងខណ្ឌចំកានទាំងកណ្ដាលថ្ងៃត្រង់ កាលពីថ្ងៃទី២៣ សីហានេះ ដើម្បីចាប់បញ្ជូនជនសង្ស័យមកដាក់ទោសទៅតាមច្បាប់ បង្កើនជំជឿទុកចិត្តពីប្រជាពលរដ្ឋមកលើសមត្ថកិច្ចរបស់យើង។
   គួររំលឹកថា កាលពីថ្ងៃទី២៣ ខែសីហាម្សិលមិញនេះ មានចោរប្រដាប់អាវុធមួយក្រុមមានគ្នាប្រមាណ៥នាក់ បានចូលប្លន់ធនាគារមួយទាំងកណ្ដាលថ្ងៃត្រង់ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ខណ្ឌចំការមន ដោយយកអស់ទឹកប្រាក់ប្រមាណ១៨ម៉ឺនដុល្លារ។ ខណៈពេលនេះ កម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងសហការគ្នាស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់បំផុត ដើម្បីតាមចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទដែលជាប់ទាក់ទង