លោក Jovenel Moise ប្រធានាធិបតី នៃប្រទេសហៃទី ត្រូវបានធ្វើឃាត
បរទេស៖ លោក Jovenel Moise ប្រធានាធិបតី នៃប្រទេសហៃទី ត្រូវបានធ្វើឃាត ខណៈដែលក្រុមប្រដាប់ អាវុធបានវាយប្រហារ ទៅលើគេហដ្ឋានឯកជន របស់លោក នៅម៉ោង ១រំលងអធ្រាត្រ។ ភរិយារបស់លោក ក៏ត្រូវបានបាញ់ឱ្យរបួស និងកំពុងជួយសង្រ្គោះ។
ប្រធានាធិបតី Jovenel Moise មានវ័យ ៥៣ឆ្នាំ គឺជាអតីតពាណិជ្ជករ នាំចេកចេញក្រៅប្រទេស។ រយៈពេលមួយឆ្នាំពេញ កន្លងទៅនេះ លោកបានធ្វើសង្រ្គាម នយោបាយជាមួយ បក្សប្រឆាំង អំពីអាណត្តិប្រធានាធិបតីរបស់ លោក ដែលបក្សប្រឆាំងទាមទារ ឱ្យលោកចុះចេញ ពីតំណែង នៅខែកុម្ភៈ ឆ្នាំ២០២១នេះ ប៉ុន្តែលោកអះអាងថា អាណត្តិរបស់លោក ត្រូវបញ្ចប់នៅចុងឆ្នាំ២០២២ ដែលអាមេរិក អង្គការសហប្រជាជាតិ និងអង្គការ នៃរដ្ឋអាមេរិក បានគាំទ្រដល់លោក៕